(តូក្យូ)៖ ប្រទេសជប៉ុន និងចក្រភពអង់គ្លេស នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលជាកិច្ចព្រមព្រៀង ដ៏សំខាន់លើកដំបូងបង្អស់ ក្រោយកិច្ចព្រមព្រៀង Brexit ដើម្បីកាត់បន្ថយពន្ធលើសាច់ចៀម Yorkshire ដែលបានលក់នៅក្នុងប្រទេសជប៉ុន ក៏ដូចជាគ្រឿងបន្លាស់រថយន្ត សម្រាប់រោងចក្រក្រុមហ៊ុនផលិតរថយន្ត Nissan របស់ជប៉ុនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
នៅក្នុងពិធីចុះហត្ថលេខាក្នុងទីក្រុងតូក្យូ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក តូស៊ីមីសឺ ម៉ូតេហ្គី (Toshimitsu Motegi) និងអ្នកជំនាញចរចាផ្នែកពាណិជ្ជកម្មអន្តរជាតិ អង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) បានហៅកិច្ចព្រមព្រៀងខាងលើនេះថា «ជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយ និងជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់ ដំបូងបង្អស់នៃចក្រភពអង់គ្លេស»។ កិច្ចព្រមព្រៀងនេះ ត្រូវបានប៉ាន់ប្រមាណថា នឹងជំរុញពាណិជ្ជកម្មនៃប្រទេសអង់គ្លេស និងជប៉ុននូវទឹកប្រាក់ចំនួន១៩,៥ពាន់លានដុល្លារ អាមេរិក ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនអង់គ្លេសក្នុងការធ្វើប្រតិបត្តិការនៅប្រទេសជប៉ុនផងដែរ។
ទន្ទឹមនឹងនេះ សេវាកម្មហិរញ្ញវត្ថុ គឺជាការនាំចេញដ៏ធំបំផុតរបស់ចក្រភពអង់គ្លេសទៅកាន់ប្រទេសជប៉ុន ដែលឥឡូវនេះមានចំនួន ២៨ភាគរយហើយ។ ស្រាទំពាំងបាយជូរ, សម្លៀកបំពាក់, ស្បែកជើង, ឈីសស្ទីលតុន ក៏ដូចជាសាច់ជ្រូក និងនំប៊ីស្គីពីប្រទេសអង់គ្លេស នឹងមានតម្លៃថោកនៅប្រទេសជប៉ុន។ ឯប្រទេសជប៉ុន ក៏បាននាំចេញនូវទំនិញ ប្រមាណ ១៤ពាន់លានដុល្លារអាមេរិក ទៅកាន់ចក្រភពអង់គ្លេសផងដែរ ដែលភាគច្រើនជារថយន្ត, គ្រឿងបន្លាស់រថយន្ត, និងគ្រឿងម៉ាស៊ីនផ្សេងៗទៀត។
គួរជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខាងលើនេះ បានបន្តពីកិច្ចព្រមព្រៀងមុនៗរបស់អឺរ៉ុប ដោយគ្រាន់តែបន្ថែមផ្នែកថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ ដូចជាពាណិជ្ជកម្មអេឡិចត្រូនិច និងសេវាកម្មហិរញ្ញវត្ថុ តែប៉ុណ្ណោះ៕