(ម៉ុមបៃ)៖ វាជាថ្ងៃថ្មីមួយទៀតនៅក្នុងតំបន់ ធីនសែល (Tinsel) នៃទីក្រុងម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌា ក្រោយពីតំបន់ទាំងមូលធ្លាក់ទៅក្នុងភាពភ័យស្លន់ស្លោ កាលយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅឥណ្ឌា) ខណៈដែលផ្សែងខ្មៅបានចាប់ផ្តើមហុយចេញពីបង្អួចជាន់ទី ២ នៃផ្សារទំនើបស៊ីធីម៉លដែលមានកម្ពស់ ០៤ជាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។
ដំបូងឡើយអាជ្ញាធរបានចាត់ទុកអគ្គីភ័យខាងលើ នៅក្នុងកម្រិតស្រាលទី (កម្រិតទី១) ប៉ុណ្ណោះ តែក្រោយមកវាក៏បានវិវត្តន៍យ៉ាងរហ័ស ទៅជាអគ្គីភ័យកម្រិតធ្ងន់បំផុត (កម្រិតទី៥) តែម្តង ហើយភ្លាមៗបន្ទាប់ពីនោះ អាជ្ញាធរបានបញ្ជាឲ្យអ្នកដែលរស់នៅក្នុងតំបន់ប្រមាណជា ៣,៥០០នាក់ ជម្លៀសចេញជាបន្ទាន់ពីអគារលំនៅឋានកម្ពស់ ៥៥ជាន់ដែលនៅជាប់ផ្សារទំនើបនោះ។ បន្ទាប់ពីការឆាបឆេះជិត ១០ម៉ោង ក្រុមអ្នកពន្លត់អគ្គីភ័យប្រមាណជា ២៥០នាក់ និងរថយន្ត-ម៉ាស៊ីនពន្លត់អគ្គីភ័យចំនួន ២៤គ្រឿង ព្រមទាំងធុងទឹកចំនួន ១៦ ត្រូវបានដាក់ពង្រាយ ដើម្បីពន្លត់អគ្គិភ័យខាងលើ។
គួរបញ្ជាក់ថា ឃ្លីបវីដេអូនៃផ្សែងខ្មៅក្រាស់ព័ទ្ធជុំវិញផ្សារទំនើប នៅព្រឹកថ្ងៃសុក្រនេះត្រូវបានគេចែកចាយ ពាសពេញបណ្តាញបណ្តាញសង្គមនៅឥណ្ឌាតែម្តង។ មនុស្សប្រហែលជា ៣០០នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ខណៈដែលអ្នកពន្លត់អគ្គីភ័យ ០២នាក់បានរងរបួសស្រាល ក្នុងនោះម្នាក់មានបញ្ហាថប់ដង្ហើម ហើយអ្នកទាំងពីរត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដើម្បីព្យាបាលភ្លាមៗ។ រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ដែលបានបង្កជាអគ្គីភ័យខាងលើនេះនៅឡើយទេ។ ម៉ុមបៃគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុត និងជាទីក្រុងមានប្រជាជនរស់នៅច្រើនបំផុតនៅឥណ្ឌា៕