(ប៉េកាំង)៖ ប្រទេសចិនបានជំរុញជាថ្មីឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវរាល់ការលក់អាវុធ និងកិច្ចព្រមព្រៀងយោធាជាមួយកោះតៃវ៉ាន់ ដើម្បីបញ្ជៀសកុំឱ្យមានការបំផ្លាញ ដល់ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង រួមទាំងសន្តិភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) បានបញ្ជាក់ទៀតថា ការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យកោះតៃវ៉ាន់ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរដល់គោលនយោបាយចិនតែមួយ និងសេចក្ដីថ្លែងការណ៍រួមចំនួន ០៣ រវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាការលូកលាន់ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ព្រមទាំងបំផ្លាញដល់អធិបតេយ្យភាព និងផលប្រយោជន៍ផ្នែកសន្តិសុខរបស់ចិនផងដែរ។
គួរជម្រាបថា ប្រតិកម្មរបស់ចិនបានកើតមានឡើង បន្ទាប់ពីក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធកន្លងទៅនេះ បានយល់ព្រមលក់ប្រព័ន្ធអាវុធទំនើបៗចំនួន ០៣មុខក្នុងតម្លៃ ១.៨ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់ ដើម្បីពង្រឹងសមត្ថភាពដែនកោះមួយនេះ ប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងពីចិន។ ចិនតែងតែចាត់ទុកកោះតៃវ៉ាន់ គឺជាខេត្តមួយរបស់ខ្លួស្របទៅតាមច្បាប់អន្តរជាតិ ហើយមហាយក្សលេខ ១ នៅអាស៊ីនេះក៏មិនរារែកក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់មកវិញដែរ នៅក្នុងករណីមានការលូកលាន់ពីកម្លាំងបរទេស និងការប្រកាសឯករាជ្យជាដើម៕