(វ៉ាស៊ីនតោន)៖ សារពត៌មានអាមេរិក CNN នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានរកឃើញថា ឯកសារស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយ ដែលអះអាងថាវីរុសកូរ៉ូណាថ្មី (COVID-19) ត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ចិននោះ គឺជាទ្រឹស្តីគប់គិត ដែលមានជាប់ទាន់ទងជាមួយនឹង អតីតទីប្រឹក្សាសេតវិមានលោក Steve Bannon។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។
គួរជម្រាថា កាលពីខែកញ្ញាកន្លងទៅ មានរបាយការណ៍បែបវិទ្យាសាស្ត្រមួយ ត្រូវបានចុះផ្សាយដោយអ្នកឯកទេសរោគវិទូជានជាតិចិន លោកស្រី Li-Meng Yan ដែលបានសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ហើយភ្លាមៗត្រូវបានគេដឹងថា មានជាប់ទាក់ទងនឹង អតីតទីប្រឹក្សាសេតវិមានលោក Steve Bannon ដែលពូកែខាងរិះគិនរដ្ឋាភិបាលចិន។ របាយការណ៍នោះ បានសន្និដ្ឋានថា វីរុសកូរ៉ូណាដែលបង្កជាជំងឺ COVID-19 ទំនងត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ចិន ហើយថែមទាំងបានអះអាងទៀតថា វាត្រូវបានគេបញ្ចេញទៅកាន់ពិភពលោក ដោយចេតនា។
សារព័ត៌មាន CNN បានរាយការណ៍ថា ខ្លួនបានជជែកវែកញែកជាមួយអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញចំនួន ០៦នាក់ ដែលបានធ្វើការស៊ើបអង្កេតលើឯកសារបែបវិទ្យាសាស្ត្រខាងលើ ដោយពួកគេបាននិយាយរបាយការណ៍ទាំងនោះគឺ «មិនត្រឹមត្រូវទេ» ហើយជាវិទ្យាសាស្ត្រតឥតប្រយោជន៍។
មជ្ឈមណ្ឌល Johns Hopkins សម្រាប់សន្តិសុខសុខភាពរបស់សហរដ្ឋអាមេរិក ដែលជាអាជ្ញាធរឈានមុខគេលើរោគរាតត្បាត ក៏បានរិះគន់វិទ្យាសាស្ត្រដែលនៅក្រោយរបាយការណ៍នោះដែរ ហើយបានចង្អុលបង្ហាញថា ឯកសារយោងដែលលោកស្រី Yan និងសហអ្នកនិពន្ធរបស់លោកស្រី យកមកធ្វើអំណះអំណាង ដែលមានចំណុចខ្សោយ ឬគុណវិបត្តិជាច្រើនណាស់។
ជុំវិញបញ្ហានេះដែរ លោក Angela Rasmussen ដែលអ្នកឯកទេសខាងរោគសាស្ត្រនៃសាកលវិទ្យាល័យ Columbia បាននិយាយថា «ឯកសារនេះ គឺឯកសារបោកបញ្ឆោតចំពោះអ្នកដែលគ្មានចំណេះដឹងផ្នែកវិទ្យាសាស្រ្តតែប៉ុណ្ណោះ ពីព្រោះវាត្រូវបានសរសេរជាភាសាបច្ចេកទេសយ៉ាងខ្លាំង ដោយប្រើពាក្យជាច្រើនដែលធ្វើឱ្យវាស្តាប់ទៅដូចជាឯកសារវិទ្យាសាស្ត្រស្របច្បាប់ ប៉ុន្តែអ្នកដែលមានចំណេះដឹងគ្រប់គ្រាន់ខាងផ្នែកនេះ នឹងដឹងថាវាពិតជាមិនសមហេតុសមផលពិតមែន»៕