(ប៉ារីស)៖ អ្នកជំនាញផ្នែកសុខភាពសាធារណៈនៅថ្ងៃពុធសប្តាហ៍នេះ បាននិយាយថា ការធ្វើតេស្តវ៉ាក់សាំង COVID-19 កំពុងត្រូវបានធ្វើឡើងលើករណី
រោគសញ្ញាស្រាលប៉ុណ្ណោះ ហើយវាមិនត្រូវបានគេរៀបចំឡើងដើម្បីជួយសង្គ្រោះជីវិត ឬជនដែលងាយរងគ្រោះបំផុតនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា បេក្ខភាពវ៉ាក់សាំងសរុបនៅជុំវិញពិភពលោកមានចំនួន៤២ ក្នុងនោះ១០ប្រភេទកំពុងស្ថិតនៅក្នុង ដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍវ៉ាក់សាំង។ លោក Peter Doshi ជំនួយការសាស្ត្រាចារ្យស្រាវជ្រាវផ្នែកសុខភាពសាធារណៈ នៃសាកលវិទ្យាល័យម៉ារីលែ បានលើកឡើងយ៉ាងដូច្នេះថា៖ «ដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍវ៉ាក់សាំង គឺនៅតែផ្តោតសំខាន់លើករណីស្រាល ជាជាង ករណីធ្ងន់ធ្ងរ ហើយរហូតមកទល់ពេលនេះ មិនទាន់មានការធ្វើតេស្តវ៉ាក់សាំង ដើម្បីកំណត់ការថយចុះនៃអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ, ការព្យាបាលកម្រិតធ្ងន់ ឬក៏ករណីស្លាប់នៅឡើយទេ»។
ជំនួយការសាស្ត្រាចារ្យរូបនេះ បានកត់សំគាល់ទៀតថា ករណីឆ្លងភាគច្រើនគឺជាប្រភេទករណីស្រាល ឬក៏គ្មានរោគសញ្ញាអ្វីទាំងអស់។ ភាគតិចណាស់បើមាន ការធ្វើតេស្តវ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ ត្រូវបានរៀបចំឡើងដើម្បីស្វែងរកថាតើវ៉ាក់សាំងពិតជាមានអត្ថប្រយោជន៍ នៅក្នុងចំណោមមនុស្សវ័យចំណាស់ ជាក្រុមមនុស្សដែលមានហានិភ័យខ្ពស់បំផុតនោះឡើយ។ បើយើងមិនមានចំនួនអ្នកទន់ខ្សោយ និងមនុស្សវ័យចំណាស់គ្រប់គ្រាន់នៅក្នុងការធ្វើតេស្តវ៉ាក់សាំង វាមានភស្តុតាងតិចតួច សម្រាប់ការសន្មត់ពីអត្ថប្រយោជន៍របស់វ៉ាក់សាំងប្រឆាំងនឹងការព្យាបាលនៅមន្ទីរពេទ្យ ឬអត្រាមរណភាព។
លោក Doshi បានបន្ថែម ថា កុមារដែលជាមនុស្សមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ និងស្ត្រីមានផ្ទៃពោះមិនត្រូវបានរាប់បញ្ចូលនៅក្នុងការធ្វើតេស្តនោះទេ។ ជាលទ្ធផល ការធ្វើតេស្តវ៉ាកសាំងមិនអាចស្វែងរកគម្លាតសំខាន់ៗពីរបៀបដែលជំងឺ COVID-19 វិវត្តន៍នៅក្នុងចំណោមពួកគេបានឡើយ។
គួរបញ្ជាក់ថា ប្រទេសជាច្រើនគ្រោងនឹងផ្តល់អាទិភាពដល់ជនងាយរងគ្រោះ នៅពេលដែលវ៉ាក់សាំងធ្វើតេស្តបានទទួលជោគជ័យ ប៉ុន្តែលោក Doshi បានយល់ថាគេត្រូវរង់ចាំអព្ភូតហេតុដ៏អស្ចារ្យ ទើបជំងឺរាតត្បាត COVID-19 អាចរលត់បាត់ទៅទាំងស្រុង។ ការសិក្សានាពេលថ្មីៗនេះ ក៏បានបង្ហាញផងដែរថា វាអាចទៅរួចសម្រាប់អ្នកជំងឺដែលបានជាសះស្បើយហើយ អាចកើតជំងឺនេះសារជាថ្មី ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ផែនចែកចាយវ៉ាក់សាំង របស់រដ្ឋាភិបាលនានានៅជុំវិញពិភពលោក៕