(តូក្យូ)៖ អ្នកជំនាញមួយរូបបានប្រាប់សារព័ត៌មាន Reuters ថា ផែនការចង់ដំឡើងប្រព័ន្ធការពារមីស៊ីលរបស់ជប៉ុន នៅលើផ្ទៃសមុទ្រជាជាងលើដី អាចចំណាយថិវិកាយ៉ាងហោចណាស់ពីរដងលើសការគ្រោងទុក ដើម្បីបញ្ចប់ផែនការទាំងមូល។ ជប៉ុនធ្លាប់បានផ្អាកផែនការដាក់ពង្រាយ ប្រព័ន្ធប្រឆាំងមីស៊ីលអាមេរិក អេជីស អាហ្ស័រ (Aegis Ashore) ម្តងរួចទៅហើយ ដោយបានសម្រេចពន្យារពេលរហូតដល់ឆ្នាំ២០២៨។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។
ជាមួយប្រព័ន្ធរ៉ាដាដ៏ទំនើបបំផុត ដែលផលិតដោយក្រុមហ៊ុន ឡុកឃីដ ម៉ាទីស (Lockheed Martin) របស់សហរដ្ឋអាមេរិក ប្រទេសជប៉ុនមានសមត្ថភាពប្រឆាំង ការវាយប្រហារដោយមីស៊ីលពីប្រទេសកូរ៉េខាងជើង និងកន្លែងផ្សេងៗទៀត។ កាលពីខែមិថុនាកន្លងទៅ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក តារ៉ូ កូណូ (Taro Kono) បានផ្អាកផែនការសម្រាប់ដាក់ពង្រាយ ប្រព័ន្ធប្រឆាំងមីស៊ីលនៅទីតាំងចំនួន ២ កន្លែងដែលនឹងត្រូវចំណាយថវិកាប្រមាណជា ២ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ ដោយលើកឡើងពីលទ្ធភាពដែលគ្រាប់មីស៊ីល អាចធ្លាក់មកលើតំបន់ដែលមានប្រជាជនរស់នៅ។ លោករដ្ឋមន្ត្រីបានស្នើឲ្យដំឡើងប្រព័ន្ធប្រឆាំងមីស៊ីលនៅលើផ្ទៃសមុទ្រ ឬនៅលើកប៉ាល់ជំនួសវិញ។
នៅជុំវិញបញ្ហានេះ មន្ត្រីក្រសួងការពារជាតិជប៉ុនជាច្រើនរូប កំពុងពិចារណាលើសំណើមួយចំនួន រួមមានការដំឡើងប្រព័ន្ធប្រឆាំងមីស៊ីល ដែលស្រដៀងទៅនឹងកន្លែងខួងប្រេង នៅលើនាវាដឹកទំនិញ ឬក៏នៅនាវាកងទ័ពជើងទឹក។ អ្នកស្នងតំណែងពីលោក Kono គឺលោក ណូប៊ូអុ គីហ្ស៊ី (Nobuo Kishi) បានបញ្ជាក់ថា លោកនឹងធ្វើការសម្រេចចិត្តលើអនាគត នៃប្រព័ន្ធប្រឆាំងមីស៊ីលនៅចុងឆ្នាំ២០២០នេះ។ ប្រទេសជប៉ុនបានពន្យារពេលអនុវត្តគម្រោងខាងលើ ដោយសារតែបញ្ហាបំណុលដ៏ច្រើនសម្បើម ដែលរដ្ឋាភិបាលបានចំណាយ ដើម្បីសង្គ្រោះវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺរាតត្បាត COVID-19។
បើតាមមន្ត្រីដោយមិនបញ្ចេញអត្តសញ្ញាណបានឲ្យដឹងថា គម្រោងនីៗមួយអាចមានតម្លៃច្រើនជាង ៤ពាន់លានដុល្លារអាមេរិកឯណោះ ដោយមិនរាប់បញ្ចូលគ្រាប់មីស៊ីល និងការចំណាយប្រតិបត្តិការ ហើយនឹងត្រូវចំណាយកាន់តែច្រើន បើប្រៀបធៀបទៅនឹងប្រព័ន្ធប្រឆាំងមីស៊ីលនៅលើដី ដោយសារតែត្រូវចំណាយលើប្រេងឥន្ធនៈ ព្រមទាំងការថែទាំផងដែរ។ គម្រោងខាងលើត្រូវបំពាក់ដោយមីស៊ីល ដែលត្រូវបានរចនាឡើង ដើម្បីស្ទាក់ចាប់ក្បាលគ្រាប់មីស៊ីលនៅក្នុងដែនអាកាស ហើយជាមួយនឹងប្រព័ន្ធរ៉ាដា Lockheed Martin SPY-7 វាមានរយៈចម្ងាយវែងជាងបីដង បើធៀបជាមួយប្រព័ន្ធរ៉ាដា Aegis ជំនាន់ចាស់ដែលបំពាក់នៅលើនាវាចម្បាំងជប៉ុន។
គួរបញ្ជាក់ថា ប្រទេសជប៉ុនជាធម្មតាចំណាយលើគម្រោងយោធាធំៗ ដែលអភិវឌ្ឍដោយសហរដ្ឋអាមេរិក តាមរយៈកម្មវិធីលក់អារុធទៅឲ្យរដ្ឋាភិបាលបរទេស ប៉ុន្តែលើកនេះប្រទេសជប៉ុនបានបញ្ជាទិញប្រព័ន្ធរ៉ាដា SPY-7 ដោយផ្ទាល់ពីក្រុមហ៊ុន Lockheed ហើយបានបង់ប្រាក់ពាក់កណ្តាលនៃកិច្ចសន្យាចំនួន ៣០០លានដុល្លារអាមេរិករួចមកហើយ។ ចំពោះលទ្ធភាពដែលប្រព័ន្ធប្រឆាំងមីស៊ីល Aegis Ashore នឹងមានមូលដ្ឋាននៅឯនាយសមុទ្រ បានជំរុញឲ្យក្រុមហ៊ុន រ៉ាយថុន (Raytheon Technologies) ដែលបានបាត់បង់កិច្ចសន្យាទៅឲ្យក្រុមហ៊ុន Lockheed កាលពីឆ្នាំ២០១៨ មានបំណងចង់លក់ប្រព័ន្ធរ៉ាដា SPY-6 របស់ខ្លួនទៅឲ្យប្រទេសជប៉ុនជំនួសវិញ៕