(បាងកក)៖ សាកលវិទ្យាល័យ Oxford មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានសម្រេចចិត្តជ្រើសប្រទេសថៃ ជាមូលដ្ឋានផលិតវ៉ាក់សាំង COVID-19 របស់ខ្លួន សម្រាប់ចែកចាយក្នុងទីផ្សារអាស៊ាន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន The Nation នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។
ការសម្រេចចិត្តរបស់សាកលវិទ្យាល័យ Oxford បានកើតមានឡើង បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសុខាភិបាលសាធារណថៃ លោក អនុធិន ឆានវីរៈគុល (Anutin Charnvirakul) កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើលិខិតមួយ ដែលបញ្ជាក់ពីបំណងទទួលបន្ទុកលើការផលិត និងចូលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវវ៉ាក់សាំង COVID-19 ជាមួយសាកលវិទ្យាល័យ Oxford ដែលកំពុងសហការជាមួយក្រុមហ៊ុនអង់គ្លេស អាស្ត្រាហ្សេណេកា (AstranZeneca) កាលពីពេលថ្មីៗនេះ។
ដូច្នេះតាមរយៈការសម្រេចចិត្តខាងលើនេះមានន័យថា វ៉ាក់សាំងអភិវឌ្ឍឡើងដោយ Oxford នឹងត្រូវយកប្រទេសថៃជាមូលដ្ឋានផលិត សម្រាប់ចែកចាយនៅទីផ្សារអាស៊ាន ដែលមានប្រទេសជាសមាជិកសរុបចំនួន ១០ រួមទាំងថៃផងដែរ។ បើតាមការឯកភាពគ្នា ក្រុមមន្ត្រីសុខាភិបាលថៃ និងសាកលវិទ្យាល័យ Oxford នឹងប្រើប្រាស់រោងចក្រក្រុមហ៊ុន សាយ៉ាម បាយអូនសាយអ៊ែន (Siam Bioscience Co Ltd) ជាកន្លែងផលិតវ៉ាក់សាំង ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនធំមួយរបស់ថៃគឺ SCG៕