(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោក ចន រ៉េតឃ្លីហ្វ (John Ratcliffe) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចោទប្រកាន់ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ថា បាននិងកំពុងព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារពត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។
លោក Ratcliffe បានធ្វើសេចក្តីប្រកាសដូចខាងលើនេះ នៅឯសន្និសីទសារព័ត៌មានមួយ ដែលបានរៀបចំឡើងយ៉ាងរហ័ស និងមានលោក គ្រីស វ៉ារ៉េយ (Chris Wray) ជានាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI ចូលរួមផងដែរ។ សេចក្ដីប្រកាសនៅរយៈពេលពីរសប្តាហ៍ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខនេះ បានបង្ហាញពីកម្រិតប្រកាសអាសន្ន ក្នុងចំណោមមន្រ្តីជាន់ខ្ពស់អាមេរិក ដែលតួអង្គបរទេសកំពុងព្យាយាមធ្វើឱ្យអន្តរាយ ដល់ទំនុកចិត្តរបស់សហរដ្ឋអាមេរិក ចំពោះភាពត្រឹមត្រូវនៃការបោះឆ្នោត និងផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងដើម្បីធ្វើឲ្យលទ្ធផលនៃការបោះឆ្នោតនេះ ពិបាកនឹងទទួលយកជាការបាន។
លោក Ratcliffe បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងអះអាងថា ព័ត៌មានអ្នកចុះឈ្មោះបោះឆ្នោតមួយចំនួន ត្រូវបានតាមដានដោយអ៊ីរ៉ង និងរុស្សី ហើយមន្រ្តីរដ្ឋាភិបាលអាមេរិកបានមើលឃើញថា អ៊ីរ៉ង់បានផ្ញើអ៊ីមែលក្លែងក្លាយដែលត្រូវរចនាឡើង ដើម្បីបំភិតបំភ័យអ្នកបោះឆ្នោត និងញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គម ព្រមទាំងធ្វើឱ្យខូចឈ្មោះលោកប្រធានាធិបតី ត្រាំ»។
គួរជម្រាបថា បើតាមប្រភពរដ្ឋាភិបាលអាមេរិក លោក Ratcliffe បានសំដៅទៅលើអ៊ីមែលដែលត្រូវបានផ្ញើនៅថ្ងៃពុធសប្ដាហ៍នេះ ដោយត្រូវបានគេធ្វើឡើង ដើម្បីឲ្យមើលទៅដូចជាក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ។ អ៊ីមែលទាំងនោះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ដោយប្រភពស៊ើបការណ៍មួយបាននិយាយថា គេនៅមិនទាន់ច្បាស់ថា នរណាជាអ្នកនៅពីក្រោយរឿងនេះនៅឡើយទេ៕