(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិនៃប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចោទប្រកាន់ប្រទេសចិនពីបទ «ព្យាយាមលួចឯកសារស្រាវជ្រាវ» អំពីវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ពីប្រទេសលោកខាងលិច និងបានចាត់ទុកប្រទេសចិន ជាគូប្រជែងដ៏សាហាវមួយ ដែលកំពុងព្យាយាមធ្វើអាជីវកម្មផ្តាច់មុខ នូវរាល់ឧស្សាហកម្មសំខាន់ៗ នៅក្នុងសតវត្សរ៍ទី២១។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។
កន្លងមកនេះ លោក ដូណាល់ ត្រាំ បានចាត់ទុកប្រទេសចិនជាគូប្រជែង ដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក និងបានចោទប្រកាន់គណបក្សកុម្មុយនីស្តចិន (CCP) ថា បានឆ្លៀតកេងយកផលប្រយោជន៍ពីពាណិជ្ជកម្ម ដោយមិនប្រាប់ការពិតអំពីការផ្ទុះឡើងនូវវីរុសកូរ៉ូណា (COVID-19) ដែលលោកតែងតែហៅថាជា «វីរុសចិន»។ ជុំវិញបញ្ហានេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក រ៉ូប៊ឺត អូប្រ៊ីយែន (Robert O’Brien) បានថ្លែងនៅក្នុងវេទិកាអនាគតអាត្លង់ទិច តាមរយៈតំណភ្ជាប់វីដេអូរយៈពេល ២០នាទីទៅកាន់នាវាដឹកយន្តហោះចម្បាំង HMS ឃ្វីន អេលីហ្សាប៊ែត (HMS Queen Elizabeth) របស់កងទ័ពជើងទឹកអង់គ្លេសថា «CCP កំពុងស្វះស្វែងក្តោបយកអំណាចលើគ្រប់វិស័យ និងតំបន់… ព្រមទាំងមានផែនការធ្វើអាជីវកម្មផ្តាច់មុខ នូវរាល់ឧស្សាហកម្មទាំងអស់ ដែលមានសារៈសំខាន់នៅក្នុងសតវត្សរ៍ទី២១នេះ»។
លោក O’Brien ក៏បានប្រាប់ក្រុមមន្រ្តីយោធា និងចារកម្មកំពូលនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកដែរថា ប្រទេសចិនមិនត្រឹមតែបានកៀបសង្កត់ប្រជាជនរបស់ខ្លួននោះទេ ថែមទាំងមានគម្រោងកៀបសង្កត់ទាំងប្រទេសជិតខាង និងបណ្ដាប្រទេសលោកខាងលិចទៀតផង។ ហើយថ្មីៗនេះ សាធារណរដ្ឋប្រជាមានិតចិន (PRC) ក៏បានប្រើប្រាស់ចារកម្មតាមអ៊ីនធើណិត ដើម្បីកំណត់មុខសញ្ញាលើក្រុមហ៊ុនមួយចំនួន ដែលកំពុងអភិវឌ្ឍន៍វ៉ាក់សាំង និងថ្នាំព្យាបាល COVID-19 នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកផងដែរ។
គួរជម្រាបថា ប្រទេសចិនដែលស្ថិតក្រោមការគ្រប់គ្រងដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានប្រកាសជាច្រើនលើករួចមកហើយថា បណ្ដាប្រទេសលោកខាងលិច និងទីក្រុងវ៉ាស៊ីនតោន បានវីវក់ទៅនឹងនិន្នាការប្រឆាំងនឹងប្រទេសចិន, ទស្សនៈបែបអាណានិគម និងការខឹងសម្បារ ដែលជារឿងធម្មតាទៅហើយ ព្រោះពេលនេះចិនគឺជាប្រទេសសេដ្ឋកិច្ចធំបំផុត លំដាប់លេខពីរលើលោក៕