(ហ្សាការតា)៖ ភ្លៀងធ្លាក់យ៉ាងគំហុកបានបង្កឲ្យមានគ្រោះរអិលបាក់ដី នៅឯតំបន់អណ្តូងរ៉ែមួយកន្លែង ស្ថិតនៅលើកោះស៊ូម៉ាត្រា នៃភាគខាងលិចប្រទេសឥណ្ឌូណេស៊ី ខណៈកម្មករអណ្តូងរ៉ែចំនួន ១១នាក់ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតនៅក្រោមគំនរដីបាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។
ការបាក់ដីខាងលើនេះបានកើតមានឡើងកាលពីយប់ថ្ងៃពុធ ដោយគ្របពីលើអណ្តូងរ៉ែមួយកន្លែងមានជម្រៅ ២០ម៉ែត្រស្ថិតនៅក្នុងភូមិ តាន់ជុង ឡាឡាំង (Tanjung Lalang) ស្រុក មួរ៉ាអេនីម (Muara Enim) នៃខេត្តស៊ូម៉ាត្រាខាងត្បូង (South Sumatra), នេះបើតាមការបញ្ជាក់ពីលោក រ៉ាទិត្យា ចាទី (Raditya Jati) អ្នកនាំពាក្យនៃ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ជោគជាំនៅប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ បានបង្កជាគ្រោះទឹកជំនន់ និងការបាក់ដីជាច្រើនកន្លែងរួចមកហើយដែរ ដោយបានឆក់យកជីវិតមនុស្សរាប់សិបនាក់ នៅទូទាំងប្រទេសឥណ្ឌូណេស៊ីតែម្តង។ អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះទៀតថា នៅរយៈពេលបីថ្ងៃខាងមុខ ភ្លៀងនឹងបន្តធ្លាក់ខ្លាំងដដែលនៅតំបន់រងគ្រោះខាងលើនេះ ខណៈប្រជាជនត្រូវបានណែនាំឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះទឹកជំនន់ និងរអិលបាក់ដី ជាពិសេសអ្នករស់នៅតាមតំបន់ជម្រាលភ្នំ៕