Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីថៃ ថាលោកគ្រោងនឹងដក«វិធានការណ៍បន្ទាន់»ចេញវិញ ប៉ុន្តែក្រុមបាតុករចង់បានច្រើនជាងនេះ (Video inside)

21-10-2020 22:27

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អូចា នៅថ្ងៃពុធនេះបាននិយាយថា លោកគ្រោងនឹងលើកចេញវិញ នូវវិធានការណ៍បន្ទាន់ ឬការប្រកាសអាសន្ននៅទីក្រុងបាងកក ដែលបានដាក់កាលពីសប្តាហ៍មុន ហើយថាជម្លោះទាំងឡាយគួរតែត្រូវបានដោះស្រាយនៅក្នុងសភា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលរបស់លោកប្រយុទ្ធ ចាន់អូចា បានប្រកាសពីវិធានការណ៍បន្ទាន់ ឬការប្រកាសអាសន្នក្នុងទីក្រុងបាងកក ដើម្បីហាមឃាត់ការប្រមូលផ្តុំចាប់ពីមនុស្ស ០៥នាក់ ឬច្រើនជាងនេះ ដើម្បីព្យាយាមបញ្ចប់ការតវ៉ា ដែលបានបន្តអូសបន្លាយអស់រយៈពេល ០៣ខែមកហើយ។ ប៉ុន្តែវិធានការណ៍នេះ មិនត្រឹមតែមិនបានបន្ធូបន្ថយស្ថានការណ៍ប៉ុណ្ណោះទេ តែថែមទាំងបានបញ្ឆេះកំហឹងក្រុមបាតុករឲ្យកាន់តែខ្លាំងឡើង។

ថ្លែងនៅក្នុងសន្ទរកថាទៅកាន់ប្រជាជាតិ នៅថ្ងៃពុធនេះ លោកប្រយុទ្ធ ចាន់អូចា បានធ្វើការកត់សម្គាល់យ៉ាងដូច្នេះថា «ខ្ញុំនឹងចាត់វិធានការណ៍ ដើម្បីបន្ធូបន្ថយស្ថានការណ៍នាពេលបច្ចុប្បន្ន។ ឥឡូវនេះ ខ្ញុំកំពុងត្រៀមដកចេញវិញនូវវិធានការណ៍បន្ទាន់ក្នុងទីក្រុងបាងកក ហើយខ្ញុំនឹងចេញបទបញ្ជាភ្លាមៗតែម្តង ប្រសិនបើមិនមានអំពើហឹង្សាកើតឡើងទេនោះ»។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីថៃរូបនេះ បានសង្កត់ធ្ងន់ទៀតថា «ឥឡូវនេះយើងត្រូវដើរថយក្រោយបន្តិច ដើម្បីចាកចេញពីជម្រាលរអិល ដែលអាចរុញច្រានដល់ភាពវឹកវរ»

ទោះជាយ៉ាងណា ក្រុមបាតុករហាក់មិនបានបង្ហាញការសាទរចំពោះ វិធានការណ៍នេះទេ។ បាតុករវ័យ ៥៤ឆ្នាំម្នាក់ បាននិយាយប្រាប់អ្នកសារព័ត៌មានថា «វាគឺមិនគ្រប់គ្រាន់ទេ។ លោក(ប្រយុទ្ធ ចាន់អូចា) ត្រូវតែលាលែងពីតំណែង»

គួររំលឹកថា បាតុកម្មនៅទីក្រុងបាងកកបានផ្ទុះឡើង ចាប់តាំងពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក ប្រាយុទ្ធ ចាន់អូចា និងជាអតីតមេដឹកនាំយោធាផងនោះ លាលែងចេញពីតំណែង និងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រថ្មីព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn)៕