(បាងកក)៖ ក្រុមអ្នកស្មោះស្ម័គ្រនឹងរបបរាជានិយមក្នុងប្រទេសថៃរាប់សិបនាក់ បានប្រមូលផ្ដុំគ្នាក្នុងទីក្រុងបាងកក នៅថ្ងៃពុធនេះ ដើម្បីបង្ហាញក្ដីស្រឡាញ់របស់ពួកគេ ចំពោះព្រះមហាក្សត្រ ហើយក៏បានព្រមានក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដែរ កុំប៉ះពាល់ព្រះមហាក្សត្រឱ្យសោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។
នៅក្នុងពិធីជួបជុំគ្នា ក្រុមអ្នកស្មោះស្ម័គ្រនឹងរបបរាជានិយមពាក់អាវយឺតពណ៌លឿង បាននិយាយថា ពួកគេមិនមានបញ្ហាអ្វីនោះទេ ចំពោះក្រុមបាតុករ ដែលកំពុងធ្វើបាតុកម្ម ទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ ក៏ប៉ុន្តែ មិនត្រូវប៉ះពាល់ព្រះមហាក្សត្រ Maha Vajiralongkorn ជាដាច់ខាត។ «ខ្ញុំសូមអង្វរពួកអ្នក ធ្វើអ្វីដែលពួកអ្នកចង់ធ្វើចុះ។ ប៉ុន្តែ មិនត្រូវប៉ះព្រះមហាក្សត្រជាដាច់ខាត។ ខ្ញុំមិនចង់ឱ្យមានអំពើហិង្សា ហើយខ្ញុំសូមអង្វរម្ដងទៀត កុំនាំរបបរាជានិយមទៅប្រឡាក់ប្រូឡូក នឹងនយោបាយ»។ នេះជាសម្ដីរបស់បាតុករស្មោះស្ម័គ្រនឹងរបបរាជនិយមថៃម្នាក់ បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។
គួរបញ្ជាក់ថា ការប្រមូលផ្ដុំគ្នារបស់ក្រុមអ្នកស្មោះស្ម័គ្រនឹងរបបរាជានិយមថៃ ធ្វើឡើងចំពេលរដ្ឋាភិបាលលោក ប្រាយុទ្ធ ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយ ហាមឃាត់ការជួបជុំគ្នាលើសពី៥នាក់។ ខាងក្រុមអ្នករៀបចំការជួបជុំខាងលើ បានអះអាងថាការជួបជុំរបស់ពួកគេមិនស្ថិតនៅក្រោមបម្រាមឡើយ តែអ្នកនាំពាក្យប៉ូលិសថៃ ប្រាប់អ្នកសារព័ត៌មានថាបម្រាមត្រូវអនុវត្តដោយស្មើភាពលើមនុស្សគ្រប់គ្នា។
បច្ចុប្បន្ន ទោះជាបីជាមានបម្រាមជួបជុំគ្នាក៏ដោយ ក៏ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅតែប្រកាន់ជំហរថានឹងបន្តដឹកនាំធ្វើបាតុកម្មតវ៉ាដដែល ដើម្បីទាមទារឱ្យលោក នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ព្រមទាំងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ សំដៅកាត់បន្ថយអំណាចព្រះមហាក្សត្រនៅក្នុងវិស័យសំខាន់ៗ ដូចជាវិស័យ យោធាជាដើម៕