(ប៉េកាំង)៖ យោងតាមគេហទំព័ររបស់កងទ័ពរំដោះប្រជាជនចិន (PLA) បានបញ្ជាក់ថា ទាហានចិនម្នាក់ដែលត្រូវបានកងទ័ពឥណ្ឌាចាប់ខ្លួន បន្ទាប់ពីវង្វេងផ្លូវឆ្លងកាត់ព្រំដែនចិន-ឥណ្ឌាដោយចៃដន្យ ត្រូវបានដោះលែងទៅឲ្យប្រទេសចិនវិញហើយ នៅព្រឹកថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នាព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។
ការសម្រេចខាងលើនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសចិនកាលពីថ្ងៃអង្គារម្សិលមិញ បានជំរុញឲ្យប្រទេសឥណ្ឌាគោរពតាមការប្តេជ្ញារបស់ខ្លួន ក្នុងការបញ្ជូនទាហានរូបនោះមកចិនវិញ ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន។ ទាហានចិនរូបនោះបាននិយាយថា គាត់បានវង្វេងផ្លូវបន្ទាប់ពីពួកអ្នកឃ្វាលគោ ស្នើសុំឲ្យជួយស្វែងរកសត្វគោ ដែលបានបាត់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
គួរបញ្ជាក់ថា ប្រទេសចិន និងឥណ្ឌាបានជាប់គាំងនៅក្នុងជម្លោះព្រំដែនចាប់តាំងពីសង្គ្រាមឆ្នាំ១៩៦២ មកម្ល៉េះ ហើយរហូតមកទល់ពេលនេះ ប្រទេសទាំងពីរមិនទាន់មានខ្សែបន្ទាត់ព្រំដែនត្រឹមត្រូវ នៅតំបន់ហិម៉ាល័យនៅឡើយទេ។ ដោយសារមូលហេតុនេះហើយ ទើបកងទ័ពនៃមហាយក្សអាស៊ីទាំងពីរ តែងតែមានការប៉ះទង្គិចគ្នាជារឿយៗ។ ជាក់ស្តែងការប៉ះទង្គិចគ្នាចុងក្រោយបង្អស់ បានផ្ទុះឡើងកាលពីដើមខែកញ្ញា ហើយភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកថា បានបើកការការវាយប្រហារមុន៕