(ប៉េកាំង)៖ បច្ចុប្បន្នចិនមានបេសកកម្មមួយកំពុងតែធ្វើប្រតិបត្តិការនៅតំបន់ Far side របស់ព្រះច័ន្ទ ហើយកំពុងត្រៀមចេញបេសកកម្មមួយទៀតក្នុងឆ្នាំនេះ ដើម្បីទៅយកគំរូតាងពីលើផ្ទៃព្រះច័ន្ទ។ យ៉ាងណាមិញ ចិនមិនទាន់អស់បេសកកម្មសម្រាប់ឋានព្រះច័ន្ទទេ គឺនៅច្រើនទៀត ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២០។
បេសកកម្ម Chang'e 6 ដែលជាបេសកកម្មបម្រុងសម្រាប់បេសកកម្ម Chang'e 5 ដែលនឹងចេញដំណើរទៅកាន់ព្រះច័ន្ទនៅខែវិច្ឆិកា ឆ្នាំនេះ ត្រូវបានគេកំណត់ថា នឹងឆ្ពោះទៅកាន់ព្រះច័ន្ទនៅឆ្នាំ២០២៣ ឬ២០២៤។ ចំណែកបេសកកម្ម Chang'e 7 ត្រូវបានគ្រោងថានឹងចាប់ផ្តើមនៅខ្ទង់ឆ្នាំ២០២៤ ជាមួយគោលដៅពីរព្រមគ្នាគឺ ការចុះចតនៅតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទផង និងការសិក្សាស្រាវជ្រាវលម្អិតពីតំបន់នោះពីគន្លងអវកាសផង។ ចិនក៏កំពុងធ្វើការលើបេសកកម្ម Chang'e ទី៨ សម្រាប់ពេលក្រោយទៀត នៅចុងទសវត្សរ៍នេះផងដែរ។
បេសកកម្ម Chang'e 7 នឹងរួមមានយានសរុប៥គ្រឿងខុសៗគ្នា គឺយានប្រភេទផ្កាយរណបសម្រាប់អង្កេត (Orbiter), យានប្រភេទផ្កាយរណបសម្រាប់បាញ់បញ្ជូនទិន្នន័យ (Relay satellite), យានសម្រាប់ចុះចត (Lander), យានសម្រាប់ចល័តលើផ្ទៃព្រះច័ន្ទ (Rover) និងចុងក្រោយគេ គឺកូនយន្តហោះហៅថា Mini flying craft។ គ្រាប់រ៉ុក្កែតប្រភេទ Long March 5 នឹងជាតម្រូវការចាំបាច់ ដើម្បីអាចបាញ់បញ្ជូនបេសកកម្មដែល មានទម្ងន់សរុបប្រមាណ៨,២០០គីឡូក្រាមនេះបាន។
បេសកកម្មខាងលើនឹងជួយត្រួសត្រាយផ្លូវសម្រាប់បេសកកម្ម Chang'e 8 ជាបេសកកម្មមួយទៀត ដែលឆ្ពោះទៅប៉ូលខាងត្បូងព្រះច័ន្ទដែរ ហើយត្រូវបានគ្រោងសម្រាប់ចុងទសវត្សរ៍ឆ្នាំ២០២០។ បេសកកម្មនោះ នឹងរួមមាននូវបច្ចេកវិទ្យាសាកល្បង សម្រាប់ការប្រើប្រាស់ធនធាននៅលើផ្ទៃព្រះច័ន្ទ និងការសាងសង់វត្ថុផ្សេងៗជាមួយបច្ចេកវិទ្យា 3D printing។ សម្រាប់បេសកកម្ម Chang'e 6 ប្រសិនបើ Chang'e 5 ទទួលជោគជ័យ នោះនឹងត្រូវបង្វែរគោលដៅទៅកាន់តំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ។
គួរជម្រាបថា បេសកកម្ម Chang'e ទាំងនេះ នឹងបង្កើតជាផ្នែកមួយនៃគម្រោងសាងសង់មូលដ្ឋានស្រាវជ្រាវអន្តរជាតិហៅថា International Lunar Research Station (ILRS) នៅប៉ូលខាងត្បូងរបស់ព្រះច័ន្ទ។ ចិនបានប្រកាសស្វាគមន៍ចំពោះប្រទេសដទៃទៀត ដែលចង់ចូលរួមសហការក្នុងគម្រោងដ៏ធំនេះ។ ដោយឡែក សហរដ្ឋអាមេរិក អឺរ៉ុប រុស្ស៉ី ឥណ្ឌា និងជប៉ុន ក៍កំពុងមានផែនការចេញបេសកកម្មរៀងៗខ្លួន ទៅកាន់ព្រះច័ន្ទ ក្នុងទសវត្សរ៍ថ្មីនេះផងដែរ៕