(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីចៀន (Zhao Lijian) បានថ្លែងនៅដើមសប្តាហ៍នេះថា កេរ្ត៍ឈ្មោះសហរដ្ឋអាមេរិកកំពុងតែថយចុះ ជុំវិញបញ្ហាការពារបរិស្ថាន រួមមានការប្រែប្រួលអាកាសធាតុ, ជីវៈចម្រុះ, សត្វព្រៃជិតផុតពូជ និងការគ្រប់គ្រងសំណល់រឹង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។
លោក Zhao បានធ្វើការកត់សម្គាល់នៅលើរបាយការណ៍ពីរផ្សេងគ្នាថា សហរដ្ឋអាមេរិកបានធ្វើឱ្យមានការខូចខាតដល់បរិស្ថាន និងប៉ះពាល់ដល់អភិបាលកិច្ចបរិស្ថានពិភពលោក។ ឯកសារទាំងពីរនេះ ត្រូវបានផ្សព្វផ្សាយដោយក្រសួងការបរទេសចិន នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃចន្ទ ក្នុងគោលបំណងបង្ហាញនូវកំណត់ត្រា ដ៏គួរឱ្យភ័យខ្លាចមួយរបស់សហរដ្ឋអាមេរិក នៅក្នុងវិស័យការពារបរិស្ថាន។
លោក Zhao បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកមិនត្រឹមតែរំលោភគោលនយោបាយ ក្នុងប្រទេសរបស់ខ្លួនផ្ទាល់ស្តីពីការការពារបរិស្ថានប៉ុណ្ណោះទេ តែថែមទាំងបានធ្វើឱ្យប៉ះពាល់ដល់សមភាព ប្រសិទ្ធភាព និងលទ្ធផលនៃអភិបាលកិច្ចបរិស្ថានពិភពលោក យ៉ាងធ្ងន់ធ្ងរទៀតផង។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើនេះបានឱ្យដឹងទៀតថា អ្នកនយោបាយ និងមន្រ្តីអាមេរិកមួយចំនួន បានខិតខំរកវិធីបំផ្លាញប្រទេសចិន ហើយនាពេលថ្មីៗនេះ ពួកគេបាននិងកំពុងរិះរកគ្រប់មធ្យោបាយ ដើម្បីបង្កាច់បង្ខូច និងបរិហារកេរ្តិ៍ប្រទេសចិន លើការការពារបរិស្ថានទៀតផង៕