(បាងកក)៖ តុលាការមួយនៅក្នុងប្រទេសថៃ នៅថ្ងៃអង្គារនេះបានបង្គាប់ឱ្យព្យួរអាជ្ញាប័ណ្ណ របស់ស្ថានីយទូរទស្សន៍ផ្សាយតាមអនឡាញមួយ ដែលតែងតែរិះគន់រដ្ឋាភិបាល ដោយចោទទូរទស្សន៍នោះថា «បានបំពានវិធានការដាក់ប្រទេសក្នុងគ្រាមានអាសន្ន» សំដៅបញ្ចប់បាតុកម្មតវ៉ាអូសបន្លាយពេលជាង ០៣ខែមកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងឌីជីលថៃ លោក ភុតឆាពង្ស ណុដថៃសុង (Putchapong Nodthaisong) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ទូរទស្សន៍អនឡាញ Voice TV ត្រូវបានអាជ្ញាធររកឃើញថា បានបំពានច្បាប់ឧក្រិដ្ឋកម្មកុំព្យូរទ័រ (Computer Crime Act) តាមរយៈការចុះផ្សាយព័ត៌មានមិនពិត»។ ទោះជាបែបនេះក្តី និពន្ធនាយកទូរទស្សន៍ Voice TV លោក រទ្ធីកន មហាកាឆាផន (Rittikorn Mahakhachabhorn) បាននិយាយថា ស្ថាប័នរបស់នឹងនៅតែបន្តប្រតិបត្តិការផ្សាយ រហូតដល់បទបញ្ជាពីតុលាការចូលជាធរមាន។
គួរបញ្ជាក់ថា ការសម្រេចចិត្តព្យួរអាជ្ញាប័ណ្ណរបស់ទូរទស្សន៍ Voice TV កើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលថៃ ចេញយុទ្ធនាការអង្កេតលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកចំនួន ០៣ ដែលចុះផ្សាយព័ត៌មានពីសកម្មភាពបាតុកម្ម។ Voice TV គឺជាកម្មសិទ្ធិមួយចំណែករបស់គ្រួសារ ស៊ីណាវ៉ាត់ (Shinawatra) នៃអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) និងប្អូនស្រីគឺ លោកស្រី យីងឡាក់ (Yingluck) ដែលត្រូវបានយោធាថៃ ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចកាលពីឆ្នាំ២០១៤៕