(ហាណូយ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសវៀតណាម នៅថ្ងៃអង្គារនេះបានប្រកាសឲ្យដឹងថា ចាប់តាំងពីដើមខែតុលា គ្រោះទឹកជំនន់, ការរអិលបាក់ដី និងគ្រោះធម្មជាតិផ្សេងៗទៀត ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ដែលបន្តអូសបន្លាយជាច្រើនថ្ងៃមកហើយនោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០៥នាក់ ខណៈ ២៧នាក់ទៀត កំពុងបាត់ខ្លួននៅតំបន់ខ្ពង់រាប និងភាគកណ្តាលនៃប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។
អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ភាគច្រើនត្រូវបានរាយការណ៍ ចេញពីបណ្តាខេត្តភាគកណ្តាលមានដូចជា ក្វាងទ្រី (Quang Tri), ធួធានហឺ (Thua Thien-Hue) និងក្វាងណាម (Quang Nam)។ ក្នុងចំណោមឧប្បត្តិហេតុធំៗរួមមាន គ្រោះរអិលបាក់ដីកាលពីថ្ងៃទី១៣ ខែតុលាកន្លងទៅ ដែលបានសម្លាប់មន្ត្រី និងកងទ័ពសរុបចំនួន ១៣ នាក់នៅឯរោងចក្រវារីអគ្គិសនីក្នុងខេត្តធួធានហឺ (Thua Thien Hu) ខណៈក្រុមសង្គ្រោះនៅតែបន្តប្រតិបត្តិការស្វែងរកកម្មករដែលបាត់ខ្លួននៅឡើយ។ គ្រោះរអិលបាក់ដីមួយកន្លែងទៀត បានកើតឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលបានសម្លាប់ទាហានយ៉ាងហោច ២២នាក់នៅក្នុងខេត្ត ក្វាងទ្រី (Quang Tri)។
ប្រជាជនច្រើនជាង ៥២,១០០គ្រួសារនៅតាមតំបន់នានានៃខេត្ត ង៉េអាន (Nghe An), ហាទិញ (Ha Tinh), ក្វាងប៊ិញ (Quang Binh) និង ក្វាងទ្រី (Quang Tri) ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ គណៈកម្មាធិការជាតិបានបញ្ជាក់ទៀតថា ផ្ទះច្រើនជាង ១៧៧,៩០០ខ្នងនៅក្នុងខេត្ត ដូចដែលបានរៀបរាប់ខាងលើត្រូវបានទឹកជន់លិច។ បន្ថែមពីនេះផ្ទៃដីដំណាំប្រមាណជាង ២៣៣,៨០០ហិកតាត្រូវបានទឹកជំនន់បំផ្លិចបំផ្លាញ ខណៈសត្វពាហនៈជាង ៦៩១,១០០ក្បាលបានងាប់ ចរាចរណ៍តាមមធ្យោបាយនានាត្រូវបានកាត់ផ្តាច់ ព្រមទាំងបង្ខំឲ្យសាលារៀនជាច្រើនបិទទ្វារផងដែរ។
នៅជុំវិញបញ្ហាខាងលើ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានជម្រុញឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ពីសំណាក់មន្ត្រីជាក់ពាក់ព័ន្ធនៅក្នុងប្រតិបត្តិការជួយសង្គ្រោះ នៅតំបន់ភាគកណ្តាលដែលត្រូវបានបំផ្លាញ ដោយគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រ។ នាយករដ្ឋមន្ត្រីវៀតណាមក៏បានគូសបញ្ជាក់ អំពីសុវត្ថិភាពនៃទំនប់ និងអាងស្តុកទឹកផងដែរ ដោយបានជំរុញឲ្យមានផែនការឆ្លើយតបសមស្រប និងឧបករណ៍ចាំបាច់ ដើម្បីជួយសង្គ្រោះប្រជាជន និងដោះស្រាយបញ្ហាដែលកំពុងប្រឈម។ លើសពីនេះ ខេត្តនីមួយៗនឹងទទួលបានប្រាក់ ១០០ ពាន់លានដុងវៀតណាម (ប្រហែល ៤.៣លានដុល្លារអាមេរិក) ជាជំនួយសង្គ្រោះផងដែរ៕