(អាហ្សង់ទីន)៖ ប្រទេសអាហ្សង់ទីននៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) បានរាយការណ៍ឱ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសបានកើនដល់ជាង ១លានករណីហើយ ដែលបានធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសទី ៦ លើលោក ដែលមានករណីឆ្លងជំងឺនេះលោតដលខ្ទង់លានករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។
អតីតរដ្ឋមន្រ្តីសុខាភិបាលអាហ្សង់ទីន គឺលោកវេជ្ជបណ្ឌិត អាដូលហ្វូ រ៉ូប៊ីនស្ទេន (Adolfo Rubinstein) បានលើកឡើងថា «ពេលនេះការឆ្លងរីករាលដាលនៃ COVID-19 សឹងតែគ្របដណ្ដប់នៅគ្រប់ទីកន្លែងក្នុងប្រទេសអាហ្សង់ទីនហើយ»។ ក្រុមគ្រូពេទ្យ ត្រូវបង្កើនចំនួនគ្រែឱ្យបានដល់ទៅបួនដង សម្រាប់ទទួលអ្នកជំងឺ COVID-19 ក្នុងរយៈពេលមួយខែចុងក្រោយនេះ ដោយត្រូវបានគេរំពឹងទុកថា យ៉ាងហោចណាស់ ៦០ភាគរយ នៃអ្នកដែលបានធ្វើតេស្តនាពេលថ្មីៗនេះ កំពុងវិលត្រឡប់ទៅរកលទ្ធផលវិជ្ជមាន ឬឆ្លងជំងឺ COVID-19 ឡើងវិញហើយ។
គួរជម្រាបថា ប្រទេសអាហ្សង់ទីនបានឃើញករណីឆ្លងកើនឡើងច្រើន បើទោះបីមានការចាក់សោបិទប្រទេសយូរយ៉ាងណាក៏ដោយ និងបានក្លាយជាប្រទេសទី ៦ នៅលើពិភពលោកដែលមានករណីឆ្លង COVID-19 ដល់ខ្ទង់លានករណីបន្ទាប់ពីសហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងអេស្ប៉ាញ ខណៈប្រទេសមួយទៀតគឺកូឡុំប៊ី ក៏នឹងលោតចូលក្រុមប្រទេសនេះ នៅក្នុងពេលឆាប់ៗផងដែរ។ រហូតមកទល់ពេលនេះ ប្រទេសអាហ្សង់ទីន មានករណីឆ្លង COVID-19 សរុបជាង ១,០០២,៦០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ២៦,៧០០នាក់ និងជាសះស្បើយជាង ៨០៣,៩០០នាក់៕