(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានស្នើឱ្យសភាជាតិបើកសម័យប្រជុំពិសេសមួយ ដើម្បីពិភាក្សារកមធ្យោបាយបន្ធូរបន្ថយភាពតានតឹង ខណៈក្រុមបាតុករមានគម្រោងបង្កើនសកម្មភាពតវ៉ា និងទាមទារឱ្យលោកចុះចេញពីតំណែង, ដោះលែងបាតុករដែលត្រូវបានចាប់ខ្លួន រួមទាំងធ្វើកំណែងទម្រង់រាជានិយមថ្ងៃសព្វថ្ងៃ ដែលផ្តល់អំណាចជ្រុលហួសហេតុពេកដល់ព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។
បាតុកររាប់ម៉ឺននាក់ដែលភាគច្រើនជាក្រុមយុវជន បាននាំគ្នាចេញតាមដងផ្លូវដើម្បីធ្វើបាតុកម្ម កាលពីចុងសប្ដាហ៍កន្លងទៅ ដោយបំពានលើបំរាម ឬការប្រកាសន្នរបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលបានតម្រូវមិនឱ្យមានការជួបជុំគ្នា ចាប់ពីមនុស្ស ០៥នាក់ឡើងទៅនោះឡើយ។ បើតាមប៉ូលិសថៃ មនុស្សប្រមាណ ២០,០០០នាក់បានចូលរួមក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃអាទិត្យ នៅទូទាំងរាជធានីបាងកក ប៉ុន្តែក្រុមសកម្មជន និងប្រព័ន្ធផ្សព្វផ្សាយខ្លះបានអះអាងថា ចំនួនបាតុករដែលបានចូលរួមមានច្រើនជាងនេះ។
ឈានមកដល់ថ្ងៃចន្ទនេះដែរ នៅពេលក្រុមបាតុករកំពុងត្រៀមខ្លួន ដើម្បីប្រមូលផ្ដុំគ្នាធ្វើការតវ៉ាជាថ្មី លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឱ្យសភាជាតិបើកសម័យប្រជុំពិសេស ដើម្បីពិភាក្សារកមធ្យោបាយបន្ធូរបន្ថយភាពតានតឹង លាយឡំជាមួយការបញ្ជូនសារព្រមាន ទៅក្រុមបាតុករផងដែរ។
ចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក ប្រាយុទ្ធ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងគាំទ្រឱ្យមានការបើកសម័យប្រជុំវិសាមញ្ញ ដើម្បីដោះស្រាយជម្លោះនៅពេលនេះ... យើងស្នើឱ្យបាតុករទាំងអស់ធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី និងកុំបំពានច្បាប់ឱ្យសោះ។ រដ្ឋាភិបាលនឹងការពាររបបរាជានិយម ដែលនេះគឺជាកាតព្វកិច្ចរបស់ប្រជាជនថៃគ្រប់រូប»។
គួរជម្រាបថា ក្រុមបាតុករនៅក្នុងប្រទេសថៃ ដែលភាគច្រើនជាយុវជន ត្រូវបានគេជឿជាក់ថា កំពុងប្រើប្រាស់យុទ្ធសាស្ត្រធ្វើការតវ៉ា ដោយយកគំរូតាមក្រុមបាតុករនៅក្នុងទីក្រុងហុងកុង។ រដ្ឋាភិបាលថៃកាលពីចុងសប្ដាហ៍កន្លងទៅ បានប្រកាសដាក់ចេញភាពអាសន្ន ដោយហាមឃាត់ការជួបជុំគ្នាចាប់មនុស្ស ០៥នាក់ឡើងទៅ ហើយព័ត៌មានទាំងឡាយណា ដែលមានលក្ខណៈបង្កការភ័យខ្លាច និងបំផ្លាញសន្តិសុខជាតិក៏ត្រូវបានហាមឃាត់ផងដែរ ខណៈសារព័ត៌មានមួយចំនួនក្នុងប្រទេស កំពុងប្រឈមមុខនឹងការត្រួតពិនិត្យជាប្រចាំ ជុំវិញការចុះផ្សាយអត្ថបទ និងរាយការណ៍អំពីបាតុកម្មតវ៉ា៕