(ហាណូយ)៖ ទាហានវៀតណាមជាមួយនឹងគ្រឿងម៉ាស៊ីនធុនធ្ងន់ និងសត្វសុនខហិតក្លិន នៅថ្ងៃចន្ទនេះបានបន្តប្រត្តិបត្តិការស្វែងរកទាហាន ដែលត្រូវបានកប់ដោយគ្រោះរអិលបាក់ដីចុងក្រោយបង្អស់ បន្ទាប់ពីសាកសពទាហាន ១៨នាក់ហើយ ត្រូវបានទាញចេញពីគំនរដីបាក់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ឥតឈប់ឈរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។
អាជ្ញាធរវៀតណាមបានឲ្យដឹងថា ទឹកជំនន់និងគ្រោះរអិលបាក់ដីនៅក្នុងខែតុលានេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៣នាក់នៅភាគកណ្តាលនៃប្រទេស ខណៈដែលមនុស្ស ៣០នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។ កាលពីថ្ងៃអាទិត្យម្សិលមិញ ទាហានយ៉ាងហោច ២២នាក់បានបាត់ខ្លួនក្រោយគ្រោះរអិលបាក់ដីមួយនៅក្នុងខេត្ត ក្វាងទ្រី (Quang Tri) ដែលវាជាឧប្បត្តិហេតុលើកទី ៤ ដែលបានកើតឡើងនៅកំឡុងពេល ០៦ថ្ងៃនៅភាគកណ្តាលនៃប្រទេសវៀតណាម ហើយអាជ្ញាធរក៏រំពឹងដែរថា ទឹកភ្លៀងនៅតែបន្តធ្លាក់បន្ថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខ។
ដោយឡែកនៅក្នុងខេត្តធួធានហឺ (Thua Thien Hu) វិញ ក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកកម្មករសំណង់យ៉ាងហោចណាស់ ១៥នាក់ ដែលបាត់ខ្លួនបន្ទាប់ពីគ្រោះរអិលបាក់ដី ដែលបានកើតឡើងកាលពីសប្តាហ៍មុន។ ទាហានចំនួន ១១នាក់ត្រូវបានបញ្ជូនទៅជួយសង្គ្រោះពួកគេ ប៉ុន្តែជាអកុសលបានស្លាប់ទាំងអស់គ្នា នៅក្នុងគ្រោះរអិលបាក់ដីដាច់ដោយឡែកមួយផ្សេងទៀត។
គួរបញ្ជាក់ថា ទឹកជំនន់នៅក្នុងប្រទេសវៀតណាមបានជន់លិចផ្ទះច្រើនជាង ១២ម៉ឺនខ្នង កាត់ផ្តាច់ចរាចរណ៍ និងបង្ខំឲ្យសាលារៀនជាច្រើនបិទទ្វារ។ ទូរទស្សន៍រដ្ឋបានបង្ហាញវីដេអូឃ្លីប ដែលប្រជាជនជម្លៀសចេញពីផ្ទះរបស់ពួកគេ ដោយក្នុងនោះមានអ្នកស្រុកវ័យចំណាស់មួយចំនួនបាននិយាយថា គ្រោះមហន្តរាយលើកនេះបានរំលឹកពួកគាត់ ទៅដល់សម័យសង្គ្រាមកាលពីជិតប្រាំទសវត្សរ៍មុន៕