(ម៉ូស្គូ)៖ មន្ត្រីជាន់ខ្ពស់ប្រឆាំងភេរវកម្មនៃសេតវិមានអាមេរិកលោក ខាស ផាធែល (Kash Patel) នាពេលថ្មីៗនេះបានទៅក្រុងដាម៉ាសហើយ ដើម្បីពិភាក្សាពីការដោះលែងពលរដ្ឋអាមេរិកាំង ជាមួយរដ្ឋាភិបាលស៊ីរី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។
កាលបរិច្ឆេទពិតប្រាកដនៃកិច្ចពិភាក្សាសម្ងាត់នេះ នៅមិនទាន់ដឹងនៅច្បាស់នៅឡើយទេ ប៉ុន្តែលោក Patel ជំនួយការរងនៃប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរីកាលពីដើមឆ្នាំនេះ ជាលើកទី ១ គិតចាប់តាំងពីឆ្នាំ២០១០ ដែលមន្ត្រីជាន់ខ្ពស់អាមេរិកបានជួបជាមួយប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាស្សាដ ។
យោងតាមការចេញផ្យាយរបស់កាសែតអាមេរិក The Wall Street Journal បានឲ្យដឹងថា លោក Patel កំពុងព្យាយាមធានាឲ្យមានការដោះលែងជនជាតិអាមេរិកាំង យ៉ាងហោចណាស់ពីរនាក់រួមមានលោក អូស្ទីន ថៃស៍ (Austin Tice) អតីតទាហានម៉ារីន និងជាអ្នកកាសែតឯករាជ្យ ខណៈម្នាក់ទៀតគឺលោក ម៉ាដ កាម៉ាល់ម៉ាស (Majd Kamalmaz) ជាគ្រូពេទ្យជនជាតិអាមេរិក-ស៊ីរី ដែលត្រូវបានគេជឿជាក់ថា កំពុងជាប់ឃុំខ្លួននៅក្នុងប្រទេសស៊ីរីដូចគ្នា។
កាលពីខែមីនា ឆ្នាំ២០២០ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា រដ្ឋបាលរបស់លោកកំពុងធ្វើការយ៉ាងមមាញឹកជាមួយប្រទេសស៊ីរី ដើម្បីនាំយកលោក Austin មកកាន់សហរដ្ឋអាមេរិកវិញ។ ជាក់ស្តែងកាលពីខែសីហា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានគូសបញ្ជាក់ថា លោក ត្រាំ បានសរសេរសំបុត្រទៅកាន់លោក អាស្សាដ ដើម្បីស្នើឲ្យមានកិច្ចពិភាក្សាដោយផ្ទាល់ ជុំវិញការបាត់ខ្លួនអ្នកកាសែតរូបនោះ។
គូសបញ្ជាក់ថា លោក Austin បានបាត់ខ្លួននៅក្នុងប្រទេសស៊ីរីកាលពីខែសីហាឆ្នាំ២០១២ មកម្ល៉េះ ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលណោះ បានប្រកាសផ្តល់រង្វាន់ចំនួន ១លានដុល្លារ សម្រាប់ព័ត៌មានដែលអាចជួយដល់ការដោះលែងលោក Austin៕