(ហាណូយ)៖ ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសវៀតណាម នៅតែបន្តប្រតិបត្តិការស្វែងរកទាហាន ១១នាក់ដែលកំពុងជាប់នៅក្រោមគំនរបាក់បែក នៃអាគារស្នាក់នៅរបស់ពួកគេ ត្រូវបានកប់ដោយគ្រោះរអិលដី កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។
រដ្ឋាភិបាលវៀតណាមកាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ទាហានយ៉ាងហោច ២២នាក់បានបាត់ខ្លួន ក្រោយគ្រោះរអិលបាក់ដីមួយ បានវាយប្រហារបន្ទាយរបស់ពួកគេនៅក្នុងខេត្ត ក្វាងទ្រី (Quang Tri) ភាគកណ្ដាលនៃប្រទេស។ គ្រោះរអិលបាក់ដីខាងលើ បានវាយប្រហារលើបន្ទាយនៃកងអង្គភាពមួយ ចំណុះឲ្យយោធាតំបន់ទី៤ (4th Military Region) ហើយគិតមកទល់នឹងពេលនេះ សាកសពទាហាន ១១នាក់ហើយត្រូវបានគេទាញចេញពីគំនរបាក់បែក នៃអាគារដែលត្រូវដីបាក់សង្កត់នោះ។
គួរជម្រាបថា ចាប់តាំងពីដើមខែតុលាមកទល់ពេលនេះ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបានផ្ដាច់ជីវិតប្រជាជនយ៉ាងហោច ៧០នាក់ នៅតំបន់ភាគកណ្ដាលប្រទេសវៀតណាម ហើយភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ត្រូវបានគេរំពឹងថា នៅបន្តកើតឡើងនៅប៉ុន្មាថ្ងៃខាងមុខនេះទៀត។ ផ្ទៃដីដំណាំរាប់ម៉ឺនហិកតា លំនៅឋានប្រជាជនរាប់ពាន់ខ្នង និងសត្វពាហនៈរាប់សែនក្បាល ត្រូវបានលិចលង់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏អាក្រក់ខាងលើនេះ៕