(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា មានអ្នកឆ្លង COVID-19 ថ្មីៗ ចំនួន ៣៩២,៤៧១ ករណី ត្រូវបានរាយការណ៍ជូនខ្លួន នៅជុំវិញពិភពលោក នៅថ្ងៃសៅរ៍សប្តាហ៍នេះ ដែលជាចំនួនមួយខ្ពស់បំផុត ចាប់តាំងពីមានផ្ទុះករណីឆ្លងជំងឺរាត្បាតសកលនេះមក ខណៈចំនួនករណីឆ្លងសរុប បានកើនដល់ ៣៩,១៩៦,២៥៩ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០។
យោងតាមការកត់ត្រាសរុបរបស់ WHO បានឲ្យដឹងទៀតថា សហរដ្ឋអាមេរិចដែលមានអ្នកឆ្លងច្រើនជាងគេបំផុត នៅលើពិភពលោក នៅថ្ងៃសៅរ៍សប្តាហ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីបន្ថែម ចំនួន ៦៣,០៤៤នាក់ ដែលធ្វើឲ្យចំនួនសរុបនៅទូទាំងប្រទេសមហាអំណាចមួយនេះ កើនដល់ ៧,៨៩៦,៨៩៥ ករណី។
ក្នុងរយៈពេលដូចគ្នា ប្រទេសឥណ្ឌាដែលតាមពីក្រោយសហរដ្ឋអាមេរិក ក៏បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីចំនួន ៦២,២១២នាក់ផងដែរ ដែលធ្វើឲ្យចំនួនអ្នកសរុបនៅទូទាំងប្រទេស កើនដល់ ៧,៤៣២,៦៨០ករណី។
WHO គូសបញ្ជាក់ថា រហូតមកទល់ពេលនេះ COVID-19 បានសម្លាប់មនុស្ស សរុប ១,១០១,២៩៨នាក់គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ៕