(បារីស)៖ ពលរដ្ឋបារាំងជាច្រើននាក់ នៅថ្ងៃអាទិត្យនេះ បាននាំគ្នាចុះដង្ហែក្បួននៅតាមដងផ្លូវ នៅកណ្តាលទីក្រុងបារីស ដើម្បីសម្តែងការគាំទ្រ ដល់សេរីភាពនៃការបញ្ចេញមតិ និងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធសពគ្រូបង្រៀនមួយរូប ដែលត្រូវបានសម្លាប់ដោយកាត់ក នៅក្បែរទីក្រុងបារីស កាលពីយប់ថ្ងៃសុក្រកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន US News នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០។
នៅរសៀលថ្ងៃអាទិត្យនេះ មេដឹកនាំគណៈបក្សនយោបាយ ប្រធានសមាគម ក៏ដូចជាសហជីពកម្មករ បានចុះមកធ្វើបាតុកម្មនៅទីក្រុងប៉ារីស និងនៅតាមបណ្តាទីក្រុងធំៗផ្សេងទៀត រួមមានដូចជាទីក្រុង Lyon, Toulouse, Strasbourg, Nantes, Marseille, Lille និងទីក្រុង Bordeaux ជាដើម ដើម្បីសម្តែងការគាំទ្រ ដល់សេរីភាពនៃការបញ្ចេញមតិ បន្ទាប់ពីគ្រូបង្រៀនបារាំងម្នាក់ ត្រូវបានយុវជនវ័យ ១៨ឆ្នាំម្នាក់ សម្លាប់ដោយកាត់ក។
ការប្រមូលផ្តុំគ្នានេះ កើតឡើងនៅពេលដែលអាជ្ញាធរបារាំងប្រកាសថា រហូតមកទល់ពេលនេះមានមនុស្សចំនួន ១១នាក់ហើយ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងភេវរកម្មសម្លាប់គ្រូបង្រៀនខាងលើ ខណៈរដ្ឋាភិបាលបារាំងនឹងរៀបចំពិធីបុណ្យកាន់ទុក្ខថ្នាក់ជាតិ ជាផ្លូវការនៅថ្ងៃពុធសប្តាហ៍ក្រោយនេះ។
គួរជម្រាបថា ជនរងគ្រោះខាងលើមានឈ្មោះថា Samuel Paty គឺជាគ្រូបង្រៀនប្រវត្តិសាស្រ្តអាយុ ៤៧ឆ្នាំ។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា លោកគ្រូរូបនេះបានបង្ហាញគំនូរជីវចលព្យាការីមហាម៉ាត់ ដោយអ្នកគោរពសាសនាអ៉ីស្លាមចាត់ទុកថា «ជាការប្រមាថ» ហើយបន្ទាប់មករូបគាត់ត្រូវបានសម្លាប់ ដោយកាត់ក្បាលតែម្តង។ ជនសង្ស័យដែលបង្ករឿងនេះមានអាយុ ១៨ឆ្នាំ ត្រូវបានប៉ូលិសល្បាតប្រទះឃើញ នៅក្នុងតំបន់នោះជាមួយនិងកាំបិតជាភស្តុតាង។ តាមសេចក្តីរាយការណ៍ ជនដៃដល់រូបនោះបានស្រែកថា «ព្រះជាម្ចាស់អស្ចារ្យណាស់» មុនពេលបើកការវាយប្រហារ។ ប្រព័ន្ធផ្សព្វផ្សាយខាងលើបានរាយការណ៍ទៀតថា ប៉ូលិសបានបាញ់សម្លាប់ជនដៃដល់ ក្រោយពីជននោះបានតដៃ និងមិនព្រមឲ្យចាប់ខ្លួន៕