(បាគូ)៖ ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ បានបាត់បង់គ្រួសារទំាំងមូល បន្ទាប់ពីម្ដាយឪពុក និងប្អូនស្រីរបស់ខ្លួនអាយុ១៦ខែ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីល មកលើទីក្រុង Ganja ប្រទេសអាហ្សែបៃហ្សង់ ខណៈជម្លោះក្នុងតំបន់ Nagorno-Karabakh ជាមួយអាមេនី ហាក់ដូចជាមិនមានភាពធូរស្រាលទាល់តែសោះ បើទោះជាមាន បទឈប់បាញ់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០។
ក្មេងស្រីអាយុ៣ឆ្នាំខាងលើឈ្មោះ ខាឌីចា សាស់ណាហ្សាលី (Khadija Shahnazarli) បានរស់រាន្តមានជីវិតពីការវាយប្រហារដោយគ្រាប់មីស៊ីល ដែលធ្លាក់ចំផ្ទះរបស់នាង ហើយ បច្ចុប្បន្ន ក្មេងស្រីរូបនេះកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយនៃទីក្រុង Barda ស្ថិតនៅក្បែរទីក្រុង Ganja។ ឪពុកម្ដាយ រួមទាំងប្អូនស្រីអាយុ១៦ខែរបស់ក្មេងស្រីខាឌីចា គឺស្ថិត នៅក្នុងចំណោមជនស៊ីវិលទំាង១៣នាក់ ដែលបានស្លាប់ នៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីល កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ។
រដ្ឋាភិបាលអាហ្សែរបៃហ្សង់ ចោទថាអាមេនីគឺជាអ្នកនៅពីក្រោយការវាយប្រហារលើទីក្រុង Ganja ដែលជាទីក្រុងធំទី២របស់ខ្លួន។ ប៉ុន្តែ អាមេនី បានច្រានចោលការចោទប្រកាន់ នេះដោយអះអាងថាប្រភេទមីស៊ីលដែលជាប់សង្ស័យនោះ មិនមានសមត្ថភាពបាញ់ដល់ទីក្រុង Ganja នោះទេ។ មិនតែប៉ុណ្ណោះ អាមេនី ក៏បានចោទបកទៅវិញដែរថា យោធាអាហ្សែរបៃហ្សង់ នៅតែបន្តបាញ់ផ្លោងទៅលើតំបន់ Nagorno-Karabakh ដែលនេះជាទង្វើរំលោភបទឈប់បាញ់ ព្រមព្រៀងដោយភាគីទាំង២។
គួរជម្រាបថា បើតាមក្រសួងការពារជាតិនៃតំបន់ Nagorno-Karabakh គិតចាប់តាំងពីផ្ទុះជម្លោះជាមួយអាហ្សែរបៃហ្សង់ កាលពីថ្ងៃទី២៧ ខែកញ្ញាមក យោធារបស់ខ្លួន៦៧៣នាក់ ហើយបានស្លាប់។ Nagorno-Karabakh ជាតំបន់មួយគ្រប់គ្រងដោយជនជាតិដើមភាគតិចអាមេនី ដែលមានការគំាទ្រពីរដ្ឋាភិបាលអាមេនី។ តែបើតាមច្បាប់អន្តរជាតិ តំបន់នេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់អាហ្សែរបៃហ្សង់៕