(ម៉ាណាម៉ា)៖ អ៉ីស្រាអែល និងបារ៉ែន នឹងភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាជាផ្លូវការនៅថ្ងៃអាទិត្យនេះ នៅឯពិធីមួយដែលនឹងរៀបចំឡើងក្នុងទីក្រុង ម៉ាណាម៉ា នៃប្រទេសបារ៉ែន បន្ទាប់ពីប្រទេសទាំង២ ចុះកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងទូតកាលពីខែកញ្ញាកន្លងទៅ។ នេះបើតាមមន្ត្រីអ៉ីស្រាអែលម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងម៉ាណាម៉ា មន្ត្រីអ៉ីស្រាអែល បានបញ្ជាក់ទៀតថា ខាងក្រុមប្រតិភូមកពីប្រទេសអ៉ីស្រាអែល និងក្រុមមន្ត្រីក្នុងប្រទេសបារ៉ែន នឹងចុះហត្ថលេខា រួមគ្នា លើសេចក្ដីថ្លែងការណ៍រួម ដែលនឹងបង្កើតទំនាក់ទំនងទូតពេញលេញជាផ្លូវការរវាងប្រទេសទាំង២។ មន្ត្រីរូបនេះបន្ថែមថាពិធីចុះហត្ថលេខានេះ គ្រោងនឹងធ្វើឡើងនៅ ល្ងាចថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) ហើយទាំងបារ៉ែន និងអ៉ីស្រាអែល នឹងបើកស្ថានទូតរបស់ពួកគេរៀងៗខ្លួន។
គួរបញ្ជាក់ថា បារ៉ែន គឺជាប្រទេសអារ៉ាប់ទី៤ ដែលបានយល់ព្រមភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល បន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួម ដែលចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៉ីស្រាអែល កាលពីខែសីហាកន្លងទៅ, អេហ្ស៊ីបនៅឆ្នាំ១៩៧៩ និងហ្ស៊កដានី នៅឆ្នាំ១៩៩៤។ កិច្ចព្រមព្រៀងសន្តិភាពរវាងបារ៉ែន អេមីរ៉ាតអារ៉ាប់រួម និងអ៉ីស្រាអែល សម្រេចបាន ដោយជោគជ័យ ក្រោមការជួយជ្រោមជ្រែងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕