(ហាណូយ)៖ គ្រោះរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្ដាលឱ្យទាហានវៀតណាម ៣នាក់បាត់បង់ជីវិត និង១៩នាក់ផ្សេងទៀតបានបាត់ខ្លួន នៅខេត្ត Quang Tri ភាគកណ្ដាលប្រទេសវៀតណាម។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០។
រដ្ឋាភិបាលវៀតណាម កាលពីដំបូងឡើយ នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាទាហានយ៉ាងហោច២២នាក់បានបាត់ខ្លួន ក្រោយគ្រោះរអិលបាក់ដីមួយបានវាយប្រហារបន្ទាយ របស់ពួកគេ នៅក្នុងខេត្ត Quang Tri ភាគកណ្ដាលនៃប្រទេស។ គ្រោះរអិលបាក់ដីខាងលើ បានវាយប្រហារលើបន្ទាយអង្គភាពមួយ នៃបន្ទាយយោធាតំបន់ទី៤ (4th Military Region) ហើយបច្ចុប្បន្ន ក្រុមអ្នកជួយសង្រ្គោះកំពុងតាមរកទាហានយ៉ាងហោច១៩នាក់ ដែលនៅតែបន្តបាត់ខ្លួននៅឡើយ។
គួរជម្រាបថា ចាប់តាំងពីដើមខែតុលាមក ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបានផ្ដាច់ជីវិតមនុស្ស៦៤នាក់ហើយ នៅតំបន់ភាគកណ្ដាល ប្រទេសវៀតណាម ហើយភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ត្រូវបានគេរំពឹងថានៅបន្តកើតឡើងនៅប៉ុន្មាថ្ងៃខាងមុខនេះ៕