(ប៉េកាំង)៖ ទីក្រុងប៉េកាំង កំពុងបង្កើនកម្លាំងយោធា និងដាក់ពង្រាយមីស៊ីលទំនើបចុងក្រោយបំផុតរបស់ខ្លួន នៅតាមមូលដ្ឋានយោធាស្ថិតនៅតំបន់ឆ្នេរភាគអាគ្នេយ៍ ខណៈ ក្រុមអ្នកជំនាញយោធា ជឿជាក់ថានេះគឺជាការត្រៀមលក្ខណៈប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០។
ប្រភពពីយោធាចិន មានមូលដ្ឋានក្នុងទីក្រុងប៉េកាំង បានប្រាប់ South China Morning Post ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បច្ចុប្បន្នកងទ័ពរំដោះប្រជាជនចិន (PLA) បាន និងកំពុងពង្រឹងមូលដ្ឋានមីស៊ីលរបស់ខ្លួន ជាមួយការដាក់ពង្រាយមីស៊ីល hypersonic DF-17 ជំនួសប្រព័ន្ធមីស៊ីលស៊េរីចាស់។ ប្រភពនេះដដែល បានបញ្ជាក់ដូច្នេះថា ៖«មីស៊ីល hypersonic DF-17 បានដាក់ពង្រាយជំនួសមីស៊ីលស៊េរីចាស់ DF-11 និង DF-15 ដែលត្រូវបានដំឡើងនៅតំបន់ឆ្នេរភាគអាគ្នេយ៍នៃប្រទេសចិន អស់រយៈពេល ជាច្រើនទសវត្សរមកហើយ។ មីស៊ីលថ្មីនេះមានសមត្ថភាពវាយប្រហារចំគោលដៅយ៉ាងជាក់លាក់»។
បើតាមរូបភាពពីផ្កាយរណប មូលដ្ឋានរបស់កងម៉ារីន និងកម្លាំងគ្រាប់រ៉ុក្កែតរបស់ចិន នៅក្នុងខេត្ត ហ្វូជាំង (Fujian) និងខេត្តក្វាងទុង (Guangdong) ត្រូវបានពង្រីកកាន់តែធំ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ។ លោក Andrei Chang និពន្ធនាយកនៃទស្សនាវដ្ដី Kanwa Defence Review បានឱ្យដឹងដែតថា មូលដ្ឋានយោធាមួយក្នុងទីក្រុង ពូនីង (Puning) នៃខេត្តក្វាងទុង ត្រូវបានធ្វើបច្ចុប្បន្នភាព ហើយបច្ចុប្បន្នមូលដ្ឋាននេះត្រូវបានដាក់ពង្រាយដោយមីស៊ីលជំនាន់ថ្មី។ ប៉ុន្តែលោក Chang មិនបានបញ្ជាក់លម្អិត ពីប្រភេទមីស៊ីលនេះនោះទេ ដោយគ្រាន់តែនិយាយថាមីស៊ីលស៊េរីចាស់ DF-11 និង DF-15 មិនមានសមត្ថភាពវាយប្រហារដល់មូលដ្ឋានទ័ពក្នុងទីក្រុង Taitung និងទីក្រុង Hualien នៅលើកោះតៃវ៉ាន់ឡើយ។
គួរបញ្ជាក់ថា DF-17 គឺជាប្រភេទមីស៊ីលលឿនជាងសំឡេង ឬ hypersonic missile ដែលអាចបាញ់បានចំងាយ ២,៥០០គីឡូម៉ែត្រ ហើយមីស៊ីលនេះត្រូវបានដាក់បង្ហាញក្នុង ព្យុហយាត្រាយោធាមួយនៃកងទ័ពរំដោះប្រជាជនចិន កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។ ចិន បានគំរាមជាច្រើនលើកថានឹងបង្រួបបង្រួមកោះតៃវ៉ាន់ ដោយកម្លាំងយោធា នៅក្នុងករណីចាំបាច់។ ប៉ុន្តែ អ្នកជំនាញជាច្រើនយល់ថា ការវាយប្រហារណាមួយលើកោះតៃវ៉ាន់ អាចនឹងរុញឱ្យចិន ត្រូវប្រឈមមុខដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ដែល ជាខ្នងបង្អែកដ៏ធំរបស់តៃវ៉ាន់៕