(បាគូ)៖ កិច្ចព្រមព្រៀងលើបទឈប់បាញ់ដើម្បីមនុស្សធម៌ បានក្លាយជាអាសាបង់ហើយ ដោយអាជ្ញាធរអាហ្សែបៃហ្សង់បានអះអាងថា កងទ័ពប្រទេសអាមេនីបានបាញ់ផ្លោងគ្រាប់មីស៊ីល មកលើទីក្រុងហ្គាន់ចា (Ganja) ជាទីក្រុងធំបំផុតលំដាប់លេខ ២ របស់អាហ្សៃបៃហ្សង់ ដោយបានបង្កឲ្យជនស៊ីវិល ១២នាក់ស្លាប់ និង ៤០នាក់រងរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០។
លោក ហ៊ីកម៉ាត់ ហាជីយ៉េវ (Hikmat Hajiyev) ជាជំនួយការផ្ទាល់នៃប្រធានាធិបតីអាហ្សែបៃហ្សង់ បានគូសបញ្ជាក់ថា «គ្រាប់មីស៊ីលជាច្រើនគ្រាប់ ត្រូវបានផ្លោងចេញពីទឹកដីអាមេនីមកលើទីក្រុង Ganja។ ទីក្រុង Ganja នេះគឺស្ថិតនៅឆ្ងាយពីតំបន់ជម្លោះរវាងប្រទេសទាំងពីរ»។ ក្រុមសង្គ្រោះនៃប្រទេសអាហ្សែបៃហ្សង់ បានធ្វើដំណើរយ៉ាងបន្ទាន់ទៅកាន់កន្លែងកើតហេតុ នៅព្រឹកព្រហាមថ្ងៃសៅរ៍នេះ (ម៉ោងនៅអាហ្សែបៃហ្សង់) ដើម្បីជួយសង្គ្រោះមនុស្ស ដែលស្ថិតនៅក្រោមគំនរអគារបាក់បែក ក្រោយរងការវាយប្រហារពីគ្រាប់មីស៊ីលផ្លោង។
ងាកទៅកាន់ភាគអាមេនីវិញ លោក អាតស្រាន់ ហូវហាននីសយ៉ាន (Artsrun Hovhannisyan) អ្នកនាំក្រសួងការពារជាតិអាមេនី បានចេញមុខច្រានចោលភ្លាមៗចំពោះការចោទប្រកាន់ ពីសំណាក់រដ្ឋាភិបាលទីក្រុងបាគូ (អាហ្សែបៃហ្សង់)។ បន្ថែមពីនេះអាមេនីក៏បានធ្វើការចោទប្រកាន់ ទៅកាន់អាហ្សែបៃហ្សង់វិញដែរថា បានបន្តការវាយប្រហារទៅលើតំបន់ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) រួមទាំងទីក្រុង ស្ទេហ្វាណាកឺត (Stepanakert) ប្រចាំតំបន់នោះ ដោយរំលោភលើបទឈប់បាញ់។
គួរបញ្ជាក់ថា ភាគីទាំងពីរគឺអាមេនី និងអាហ្សែបៃហ្សង់ បានយល់ព្រមបង្កើតបទឈប់បាញ់គ្នាមួយ ក្រោមការសម្របសម្រួលពីប្រទេសរុស្ស៊ី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដើម្បីផ្តល់ឱកាសដល់ការផ្តល់ជំនួយមនុស្សធម៌ ដោះដូរអ្នកទោស និងប្រមូលសាកសព ក្រោយការប្រយុទ្ធគ្នាផ្ទុះឡើងយ៉ាងកក្រើក កាលពីខែកញ្ញាកន្លងទៅនេះ៕