(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសៅរ៍នេះបានកត់ត្រានូវករណីឆ្លង COVID-19 ក្នុងស្រុកថ្មីៗចំនួន ០២ករណីជាលើកដំបូង ដែលមិនធ្លាប់មានក្នុងរយៈពេល ជាងមួយខែមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន CCSA បានគូសបញ្ជាក់ថា ករណីឆ្លង COVID-19 ក្នុងស្រុកថ្មីៗចំនួន ០២ករណីខាងលើ គឺជាជនជាតិមីយ៉ាន់ម៉ាដែលរស់នៅក្នុងទឹកដីថៃ ជាប់ព្រំដែនមីយ៉ាន់ម៉ា ជាប្រទេសជិតខាងថៃបាននិងកំពុងផ្ទុះករណីឆ្លងយ៉ាងខ្លាំង នាពេលថ្មីៗនេះ។ ទាំងពីរនាក់នេះត្រូវបានធ្វើតេស្តរក COVID-19 កាលពីថ្ងៃទី១៣ ខែតុលាកន្លងទៅ ដោយពួកគេមិនបានបញ្ចេញរោគសញ្ញាអ្វីឡើយ ប៉ុន្តែបានបង្ហាញលទ្ធផល «វិជ្ជមានកូវីដ-១៩» នៅក្រោយការធ្វើតេស្ត។
គួរជម្រាបថា ករណីឆ្លងក្នុងស្រុកដែលគេរកឃើញចុងក្រោយបង្អស់ គឺកាលពីដើមខែកញ្ញាកន្លងទៅ។
រហូតមកទល់ពេលនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៣,៦៧៩ករណី ក្នុងនោះមានអ្នកស្លាប់ ៥៩នាក់ និងជាសះស្បើយ ៣,៤៧៨នាក់។ ថៃ កម្ពុជា ឡាវ និងវៀតណាម ត្រូវបានគេមើលឃើញថា ជាប្រទេសដែលបាននិងកំពុងគ្រប់គ្រងការឆ្លងរាតត្បាត COVID-19 យ៉ាងល្អចាប់តាំងពីដើមឆ្នាំ២០២០មកម្ល៉េះ៕