(ប៉ារីស)៖ អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ត្រូវបានចោទប្រកាន់ជាផ្លូវការហើយ ក្នុងសំណុំរឿងមានជាប់ពាក់ព័ន្ធនឹងទទួលប្រាក់ដោយ ខុសច្បាប់រាប់សិបលានអឺរ៉ូ ពីរដ្ឋាភិបាលនៃអតីតមេដឹកនាំលីប៊ី លោក មូអាមម៉ា ហ្គាដាហ្វី (Muammar al-Gaddafi) ដើម្បីផ្គត់ផ្គង់ដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក កាលពីឆ្នាំ២០០៧។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ក្រុមរដ្ឋអាជ្ញាបារាំងទទួលបន្ទុកឧក្រិដ្ឋកម្មហិរញ្ញវត្ថុ បានបញ្ជាក់ថាការចោទប្រកាន់លោក សាកូហ្ស៊ី ខាងលើត្រូវបានសម្រេចចិត្តកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះមកម្លេះ ហើយការចោទប្រកាន់នេះទៀតសោត នឹងបន្ថែមពីលើការចោទប្រកាន់កាលពីឆ្នាំ២០១៨ ប្រឆាំងនឹងអតីតប្រធានាធិបតីបារាំងរូបនេះ ពីបទពុករលួយ ...ទទួលផលចំណេញពីការបង្វិលប្រាក់របស់លីប៊ី (ជាង៥០លានអឺរ៉ូ) ដើម្បីយកទៅផ្គត់ផ្គង់ដល់យុទ្ធនាការឃោសនាឆ្នោតរបស់លោកដោយខុសច្បាប់។ ក៏ប៉ុន្តែ លោក នីកូឡា សាកូហ្ស៊ី បានបដិសេធជាច្រើនលើកថាមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ។
គួរជម្រាបថា តាមរយៈការចោទប្រកាន់ខាងលើ លោក នីកូឡា សាកូហ្ស៊ី នឹងត្រូវស្ថិតនៅក្រោមការស៊ើបអង្កេតជាផ្លូវការ ហើយដែលនៅក្នុងប្រទេសបារាំង ការដាក់ឱ្យនៅក្រោម ការស៊ើបអង្កេតបែបនេះ គឺមានន័យថាចៅក្រម ឬរដ្ឋអាជ្ញាមានភស្ដុតាងគ្រប់គាន់ ដើម្បីបើកការស៊ើបអង្កេត៕