(ប៊ែរឡាំង)៖ ប្រទេសអាល្លឺម៉ង់ បានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗច្រើនជាង ៧,០០០ករណីក្នុងមួយថ្ងៃជាលើកដំបូង ខណៈមានការព្រួយបារម្ភជាច្រើនថាតំបន់អឺរ៉ុប អាចនឹងប្រឈមមុខនឹងរលកទី២ នៃជំងឺដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។
វិទ្យាស្ថានអាល្លឺម៉ង់ Robert Koch (RKI) នាព្រឹកថ្ងៃសុក្រនេះ (ពេលវេលានៅអាល្លឺម៉ង់) បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៧,៣៣៤ករណីបន្ថែមទៀត ដែលជាករណីកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត បើប្រៀបធៀបទៅនឹងមួយថ្ងៃមុន ដែលមានចំនួន ៦,៦៣៨ករណី ជាហេតុដែលនាំឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ឯកភាពគ្នាក្នុង ការរឹតត្បឹងវិធានការ «ពាក់ម៉ាស» នៅតាមតំបន់ដែលមានករណីឆ្លងខ្ពស់។
គួរជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសអាល្លឺម៉ង់ មានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសច្រើនជាង ៣៤៨,០០០ករណី ក្នុងនោះមានអ្នកស្លាប់ ៩,៧៣៤នាក់ និងជាសះស្បើយជាង ២៨៤,០០០នាក់៕