(ហាណូយ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសវៀតណាម នៅថ្ងៃសុក្រនេះបានប្រកាសឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៥៥នាក់ហើយ ខណៈមនុស្ស ០៧នាក់ទៀតនៅតែបន្តបាត់ខ្លួន ព្រមទាំងចំការដំណាំជាច្រើនហិកតាទៀតត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កទៅជាគ្រោះទឹកជំនន់ នៅតែបន្តអូសបន្លាយអស់រយៈពេល ១០ថ្ងៃមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២០។
អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ភាគច្រើនត្រូវបានទឹកកួចយកទៅបណ្តាលឲ្យលង់ស្លាប់ ស្ថិតនៅក្នុងបណ្តាខេត្តភាគកណ្តាលមានដូចជា ក្វាងទ្រី (Quang Tri), ធួធានហឺ (Thua Thien-Hue) និងក្វាងណាម (Quang Nam)។ បន្ថែមពីនេះផ្ទៃដីដំណាំប្រមាណជាង ៧,០០០ហិកតាត្រូវបានទឹកជំនន់បំផ្លិចបំផ្លាញ ខណៈសត្វពាហនៈជាង ៤៤៥,៧០០ក្បាលបានងាប់។
គួរបញ្ជាក់ថា ព្យុះត្រូពិកដែលមានឈ្មោះថា ណាងកា (Nangka) បានវាយប្រហារនៅភាគខាងជើង និងភាគកណ្តាលប្រទេស នៅពីថ្ងៃពុធសប្តាហ៍នេះ។ អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ចន្លោះពីថ្ងៃទី ៥ ដល់ ១៣ ខែតុលា នៅតាមតំបន់ខ្លះនៃប្រទេសវៀតណាមបានទទួលកម្រិតទឹកភ្លៀងធ្លាក់រហូតដល់ ២,០០០មីលីម៉ែត្រឯណោះ។ យោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបាននិងកំពុងវាយប្រហារនៅតំបន់ខ្ពង់រាប និងភាគកណ្តាលនៃប្រទេសម្តងទៀត ចាប់ពីថ្ងៃសុក្រនេះ ហើយអាចបន្តរហូតដល់ថ្ងៃទី២១ ខែតុលាឯណោះ។
អាជ្ញាធរជាតិវៀតណាមបានវាយតម្លៃថា គ្រោះមហន្តរាយនានាជាពិសេសខ្យល់កួច, ទឹកជំនន់, ការរអិលបាក់ដី និងជំនន់ទឹកភ្លៀងបានបង្កការខាតបង់សេដ្ឋកិច្ចប្រមាណ ៥ទ្រីលានដុង (ប្រហែលជាង ២១៧លានដុល្លារអាមេរិក)៕