(អាមេរិក)៖ ក្រុមមន្រ្តីអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានរាយការណ៍ឱ្យដឹងថា ខ្យល់បក់ខ្លាំង និងបរិយាកាសក្ដៅហួតហែង បានបណ្ដាលឱ្យមានភ្លើងឆេះព្រៃ នៅភាគខាងជើងនៃរដ្ឋខូឡូរ៉ាដូ (Colorado) នៃសហរដ្ឋអាមេរិក អស់រយៈពេលជាង ២ខែមកហើយ និងបានឆាបឆេះលើផ្ទៃដីជាង ១៦៧,០០០ហិកតា ដែលបានធ្វើឱ្យវាក្លាយជាភ្លើងឆេះព្រៃដ៏ធំ និងអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃរដ្ឋនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។
ភ្លើងឆេះព្រៃដ៏ធំបំផុតនៅក្នុងរដ្ឋ Colorado មានឈ្មោះសម្គាល់ថា ខេមរ៉ូន ភីក ហ្វាយអឺ (Cameron Peak Fire) បានកើតឡើងនៅតាមបណ្ដាយឧទ្យានជាតិអារ៉ាប៉ាហូ (Arapaho) និង រូស្វែលត៍ (Roosevelt) ព្រមទាំងបានបង្ខំឱ្យប្រជាជនជាច្រើនត្រូវជម្លៀសខ្លួនចេញ ខណៈផ្ទះសម្បែង និងអគាររាប់សិនខ្នង ក៏ត្រូវបានបំផ្លាញផងដែរ។
ខ្យល់បក់ខ្លាំងក្នុងល្បឿនជាង ១០០គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានបណ្ដាលឱ្យភ្លើងឆេះព្រៃ រាលដាលយ៉ាងរហ័សពាសពេញផ្ទៃដីជាង ២០,០០០ហិកតាក្នុងមួយថ្ងៃ និងបានធ្វើឱ្យទីក្រុង ហ្វតខូល្លីនស៍ (Fort Collins) ភាគខាងកើតនៃតំបន់ភ្លើងឆេះព្រៃនេះ ត្រូវឡោមព័ទ្ធទៅដោយផ្សែងអួរអាប់ ពាសពេញផ្ទៃអាកាសតែម្តង។
គួរបញ្ជាក់ថា បើតាមក្រុមមន្រ្តីពន្លត់អគ្គីភ័យនៅអាមេរិក ភ្លើងឆេះព្រៃ Cameron Peak Fire នេះ បានឆាបឆេះចាប់តាំងពីពាក់កណ្ដាលខែសីហាមកម្ល៉េះ និងបានពង្រីកខ្លួនលើផ្ទៃដីជាង ១លានហិកតាហើយ និងត្រូវបានចាត់ទុកជាភ្លើងឆេះព្រៃធំបំផុត នៅក្នុងប្រវត្តិសាស្រ្តនៃរដ្ឋ Colorado៕