(គូឡាឡាំពួ)៖ ព្រះមហាក្សត្រម៉ាឡេស៊ីនៅថ្ងៃសុក្រនេះ បានមានព្រះបន្ទូលក្រើនរំលឹក ដល់ពលរដ្ឋម៉ាឡេទាំងអស់ ជាពិសេសក្រុមអ្នកនយោបាយ ឲ្យគិតគូរពិចារណាលើការសាមគ្គីគ្នាឡើងវិញ និងមិនត្រូវរុញច្រានឲ្យប្រទេសមួយនេះ ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយជាដាច់ខាត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។
ព្រះចៅ ស៊ូលតង់ អាប់ឌុលឡាហ៍ អាហ៍ម៉ាត់ ហ្សាហ៍ (Sultan Abdullah Sultan Ahmad Shah) ជាព្រះមហាក្សត្រនៃសហព័ន្ធម៉ាឡេស៊ីបានមានព្រះបន្ទូលថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងត្រូវរក្សាស្ថរិភាពនយោបាយក្នុងស្រុក ស្របពេលដែលប្រទេសម៉ាឡេស៊ី កំពុងប្រឈមនឹងបញ្ហាជាច្រើនស្រាប់ និងអនាគតមិនច្បាស់លាស់ ដែលបណ្តាលមកពីការរីករាតត្បាតនៃជំងឺ COVID-19។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យព្រះបរមរាជវាំងលោក អាហ៍ម៉ាត់ ហ្វាទីល ហ្សាមស៊ូដទីន (Ahmad Fadil Shamsuddin) បានឲ្យដឹងថា ព្រះចៅ ស៊ូលតង់ អាប់ឌុលឡាហ៍ អាហ៍ម៉ាត់ ហ្សាហ៍ បានមានព្រះរាជបន្ទូលក្រើនរំលឹកឡើងវិញ ដល់សមាជិកសភាម៉ាឡេស៊ីទាំងអស់ ឲ្យបង្ហាញភាពចាស់ទុំនៅក្នុងវិបត្តិនយោបាយ ហើយត្រូវយកចិត្តទុកដាក់ ចំពោះកង្វល់របស់ពលរដ្ឋវិញ និងមិនត្រូវធ្វេសប្រហែស ចំពោះសុខុមាលភាពរបស់ពួកគេបានឡើយ។
សេចក្តីថ្លែងការណ៍ខាងលើបានបន្ថែមទៀតថា ព្រះករុណានៃយើងបានទទូចឲ្យអ្នកនយោបាយ ដែលកំពុងបន្តខ្វែងគំនិតគ្នា ត្រូវដោះស្រាយបញ្ហាតាមរយៈការពិគ្រោះយោបល់ និងដំណើរការតាមផ្លូវច្បាប់ ដែលមានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្រក៏បានចេញព្រះរាជបញ្ជា ឲ្យវិហារអ៉ីស្លាមទាំងអស់នៅទូទាំងប្រទេស ត្រូវបន្តអនុវត្តការអធិស្ឋានពិសេស ដើម្បីបួងសួងឲ្យប្រទេសមួយនេះឆ្លងផុតពីវិបត្តិលើកនេះ។ ទន្ទឹងគ្នានេះ ព្រះមហាក្សត្រក៏បានមាបន្ទូលណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបំពេញភារកិច្ចរៀងៗខ្លួន ហើយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ការពារសុខភាពសាធារណៈ ដើម្បីជួយសម្រួលដល់អាជ្ញាធរ ក្នុងការប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងជំងឺ COVID-19 ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងសុខុមាលភាពរបស់ប្រទេសជាតិទាំងមូល។
គួរជម្រាបថា ព្រះមហាក្សត្រត្រូវបានគេរាយការណ៍ថា និងរាជានុញ្ញាតឲ្យមេដឹកនាំគណបក្សនយោបាយធំៗនៅក្នុងប្រទេសចូលគាល់ បន្ទាប់ពីទ្រង់បានទទួលឲ្យលោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) ចូលគាល់កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ការសម្រេចព្រះទ័យនេះត្រូវបានធ្វើឡើង បន្ទាប់ពីលោក Anwar បានទូលថ្វាយទ្រង់ថា សមាជិកសភាច្រើនជាង ១២០រូប បានគាំទ្ររូបលោកឲ្យកាន់តំណែង ជានាយករដ្ឋមន្ត្រីជំនួសលោក មូហ៍យីដទីន យ៉ាស់ស៊ីន (Muhyiddin Yassin) ដែលកំពុងកាន់អំណាច។
យ៉ាងណាមិញ សារលិខិតពីព្រះមរបរាជវាំងបានគូសបញ្ជាក់ថា លោក Anwar គ្រាន់តែផ្តល់ចំនួននៃសមាជិកសភា ដែលបានគាំទ្ររូបលោកតែប៉ុណ្ណោះ មិនមែនអត្តសញ្ញាណរបស់ពួកគេនីមួយៗនោះទេ។ បច្ចុប្បន្ននេះ ព្រះបរមរាជវាំងបានផ្អាកទទួលការចូលគាត់ចំពោះមនុស្សគ្រប់គ្នា ដោយសារបទបញ្ជាគ្រប់គ្រងការធ្វើដំណើរតាមលក្ខខណ្ឌ ដែលមានរយៈពេលពីរសប្តាហ៍នៅក្នុងទីក្រុងគូឡាឡាំពួរ និងរដ្ឋសហព័ន្ធ ភូត្រាចាយ៉ា (Putrajaya) ក៏ដូចជារដ្ឋ សេឡាំហ្គ័រ (Selangor) ដែលបានចូលជាធរមានកាលពីថ្ងៃពុធសប្តាហ៍នេះ៕