(សៅប៉ូឡូ)៖ ការសិក្សាថ្មីមួយនៅក្នុងប្រទេសប្រស៊ីល ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល) បានឲ្យដឹងថា វីរុសកូរ៉ូណា (SARS-CoV-2) ដែលបង្កឲ្យមានជំងឺ COVID-19 អាចមានសមត្ថភាពឆ្លងទៅដល់ជាលិកាខួរក្បាល និងប៉ះពាល់ដល់រចនាសម្ព័ននៃខួរក្បាល ដែលទទួលខុសត្រូវលើមុខងារដូចជា ការចងចាំ ការយល់ដឹង និងភាសាផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។
លោក ដានីញែល ម៉ាទីន ដឺ សួហ្សា (Daniel Martins de Souza) សាស្រ្តាចារ្យនៅវិទ្យាស្ថានជីវវិទ្យា នៃសាកលវិទ្យាល័យ ខេភីណាស៍ (Campinas) បានប្រកាសឲ្យដឹងថា យើងបានរកឃើញជាលើកដំបូងថា វីរុសកូរ៉ូណាល SARS-CoV-2 អាចឆ្លងទៅដល់ប្រព័ន្ធសរសៃប្រសាទស្នូល និងអាចកាត់បន្ថយសមត្ថភាពនៃខួរក្បាលមនុស្ស (ណឺរ៉ូន)។ ការសិក្សាខាងលើបានបង្ហាញទៀតថា វីរុសកូរ៉ូណាអាចប៉ះពាល់ដល់សាស្ត្រូសាយត៍ (astrocytes) ជាកោសិកាមានច្រើនបំផុតនៅក្នុងប្រព័ន្ធសរសៃប្រសាទកណ្តាល ដែលបំពេញមុខងារសំខាន់ៗនៅក្នុងការបញ្ជា និងទ្រទ្រង់សមត្ថភាពរបស់ខួរក្បាលមនុស្ស។ លទ្ធផលខាងលើនេះបានមកពីការពិសោធន៍ លើជាលិកាខួរក្បាលរបស់អ្នកជំងឺ ដែលបានស្លាប់ដោយសារជំងឺ COVID-19 ចំនួន ២៦នាក់។
សាស្រ្តាចារ្យខាងលើនេះបានបន្ថែមទៀតថា វត្តមាននៃវីរុសត្រូវបានបញ្ជាក់ នៅក្នុងសំណាកខួរក្បាលមនុស្សចំនួន ២៦នាក់ ហើយក្នុងចំណោមនោះមានសំណាកចំនួន ០៥ ត្រូវបានរកឃើញថា ពិតជាមានការខូចខាតដល់ប្រព័ន្ធសរសៃប្រសាទកណ្តាលប្រាកដមែន។ ដោយឡែកអ្នកជំងឺ COVID-19 ចំនួន ៨១នាក់ផ្សេងទៀត ដែលមានរោគសញ្ញាស្រាលក៏ត្រូវបានចូលរួម ឲ្យអ្នកវិទ្យាសាស្ត្រធ្វើការសិក្សាផងដែរ ដោយលទ្ធផលបានបង្ហាញថា ១/៣ នៃពួកគេមានរោគសញ្ញាមួយចំនួន ដែលបង្ហាញពីអំបញ្ហាប្រព័ន្ធប្រសាទ ដូចជាការចុះខ្សោយការចងចាំ, អស់កម្លាំង, ឈឺក្បាល, តឹងថប់បារម្ភ និងបញ្ហាផ្សេងៗទៀត នៅរយៈពេល ៦០ថ្ងៃបន្ទាប់ពីការឆ្លងជំងឺ COVID-19 និងជាសះស្បើយឡើងវិញ។
គួរបញ្ជាក់ថា ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យ Campinas និងសាកលវិទ្យាល័យសៅប៉ូឡូ (USP) ក្រោមកិច្ចសហការប្រតិបត្តិការពីក្រុមអ្នកវិទ្យាសាស្ត្រ នៅមន្ទីរពិសោធន៍ជាតិជីវសាស្រ្តនៃសាកលវិទ្យាល័យសហព័ន្ធរីយ៉ូដឺហ្សាណេរ៉ូ ព្រមទាំងវិទ្យាស្ថាន ឌីអ័រ (D'Or) ផងដែរ៕