(វ៉ាស៊ីនតោន)៖ លោក ចូ បៃដិន (Joe Biden) បេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្សប្រជាធិបតេយ្យ និងជាអតីតអនុប្រធានាធិបតី កាលពីសម័យរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានធ្វើតេស្តឃើញលទ្ធផល «អវិជ្ជមាន» ចំពោះវីរុសកូរ៉ូណា (COVID-19) ខណៈមានការព្រួយបារម្ភរួចមកហើយថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោក គឺជាការប្រឈមមុខហានិភ័យខ្ពស់នៃការឆ្លងជំងឺ ដែលកំពុងកើនឡើងឥតឈប់ឈរនៅអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។
ការធ្វើតេស្តខាងលើនេះ កើតមានឡើងបន្ទាប់ពីក្រុមអ្នកចាត់ចែងយុទ្ធនាការបោះឆ្នោតរបស់លោក Biden បានអះអាងថា «សមាជិករដ្ឋបាលនៃក្រុមហ៊ុនអាកាសចរណ៍ ដែលបម្រើការលើយន្តហោះដឹកលោក Joe Biden និងបុគ្គលិករបស់បេក្ខជនអនុប្រធានាធិបតី លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) បានធ្វើតេស្តចេញលទ្ធផលវិជ្ចមានចំពោះ COVID-19»។ ជុំវិញបញ្ហានេះ លោកស្រី Harris ក៏បានទទួលការធ្វើតេស្តចំនួនពីរលើកផងដែរ ប៉ុន្តែបានឃើញលទ្ធផល «អវិជ្ចមាន»។ ទោះជាយ៉ាងណា ប្រធានគ្រប់គ្រងយុទ្ធនាការបោះឆ្នោត លោក ជែន អូម៉ល្លី (Jen O’Malley) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រី Harris នឹងផ្អាកការធ្វើដំណើររយៈពេលពីរទៅបីថ្ងៃ ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបញ្ហានេះ។
គួរជម្រាបថា បើតាមការកត់សម្គាល់របស់ក្រុមយុទ្ធនាការបោះឆ្នោត នៃគណបក្សប្រជាធិបតេយ្យបានឱ្យដឹងថា បុគ្គលខាងលើមិនបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយលោក Biden និងលោកស្រី Harris ឬបុគ្គលិកណាមួយផ្សេងទៀតឡើយ ចាប់តាំងពីរយៈពេល ៤៨ម៉ោងមុនពេលរូបគេធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះ COVID-19 នេះ៕