(វ៉ាស៊ីនតោន)៖ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោត របស់លោក Joe Biden បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា បេក្ខជនអនុប្រធានាធិបតីលោកស្រី Kamala Harris នឹងត្រូវផ្អាកការធ្វើដំណើររបស់ខ្លួន រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ បន្ទាប់ពីមនុស្សពីរនាក់ដែលមានជាប់ទាក់ទងនឹងយុទ្ធនាការនេះ បានធ្វើតេស្តរកឃើញថាមានផ្ទុកជំងឺ COVID-19។ នេះយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។
ទោះជាយ៉ាងណា តាមប្រភពដដែលនេះ គូសបញ្ជាក់ថា បេក្ខជនប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ គឺលោក Joe Biden មិនមានការប៉ះពាល់ជាមួយលោកស្រី Harris នោះទេ ទោះបីជាលោកនិងលោកស្រី បានចំណាយពេលជាច្រើនម៉ោងធ្វើយុទ្ធនាការជាមួយគ្នានៅរដ្ឋអារីហ្សូណា កាលពីថ្ងៃទី៨ ខែតុលាក៏ដោយ។
គួរជម្រាបថា លោកស្រី Harris គ្រោងនឹងធ្វើដំណើរទៅកាន់រដ្ឋ North Carolina នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមកម្មវិធីឃោសនាបោះឆ្នោត ក៏ដូចជាជំរុញនិងលើកទឹកចិត្តដល់អ្នកបោះឆ្នោត ឲ្យទៅបោះឆ្នោតមុនពេលកំណត់៕