(ហ្សាកាតា)៖ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បានឲ្យដឹងថា ផ្ទះចំនួន ៩៤៦ខ្នង ត្រូវបានរងការខូចខាត ក្នុងចំណោមផ្ទះសរុបចំនួន ២,១៨០ខ្នង ដែលលិចលង់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តជ្វាខាងលិច (West Java) ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។
លោក Raditya Jati ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ជំនន់ទឹកភ្លៀងបានកើនឡើងខ្លាំងបំផុត ចាប់ពីយប់ថ្ងៃអាទិត្យដល់ព្រឹកថ្ងៃចន្ទកន្លងទៅ ខណៈភូមិចំនួន២០ ក្នុងសង្កាត់ Garut នៃខេត្ត West Java ត្រូវបានជន់លិច និងមនុស្សប្រមាណជាង ៩ពាន់គ្រួសាររងផលប៉ះពាល់។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរូបនេះ បានគូសបញ្ជាក់ថា«ដោយសារតែគ្រោះទឹកជំនន់នេះ មានមនុស្ស ២៣៨គ្រួសារ ត្រូវបានជម្រៀសទៅរកទីសុវត្ថិភាព។ ហើយជាសរុប មានប្រមាណ ២,៧៧៩គ្រួសារ ឬ ៩,១៧៧នាក់ រងផលប៉ះពាល់»។
លោក Jati បញ្ជាក់បន្ថែមថា មានផ្ទះប្រជាជនចំនួន ៩៤៦ខ្នងរងការខូចខាត ខណៈព្រះវិហារជាង ១០កន្លែង សាលារៀន ១២ខ្នង និងស្ពានចំនួន ១៨ រងការខូតខាតផងដែរ៕