(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយប្រទេស៧ផ្សេងទៀត ក្នុងគោលបំណងដើម្បីគ្រប់គ្រងលើការរុករក និងការធ្វើអាជីវកម្មនៅលើឋានព្រះច័ន្ទនិងធនធាននៅទីនោះ។
ខណៈដែលប្រទេសហត្ថលេខីភាគច្រើនមិនធ្លាប់ទាំងបានដល់ទៅលើឋានព្រះច័ន្ទផងនោះ រុស្ស៊ីនិងចិនមិនត្រូវបានអញ្ជើញឲ្យចូលរួមនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នាថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។
កិច្ចព្រមព្រៀង Artemis ដែលបានស្នើឡើងកាលពីខែឧសភាកន្លងទៅ ដើម្បីកំណត់គោលការណ៍ឲ្យបានច្បាស់លាស់និងសមស្រប សម្រាប់បណ្តាប្រទេសមួយចំនួន ដែលចង់ទាមទារធនធាននៅលើឋានព្រះច័ន្ទ ត្រូវបានបង្ហាញជាផ្លូវការកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ប្រទេសហត្ថលេខីរួមមានសហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា ជប៉ុន អ៉ីតាលី ចក្រភពអង់គ្លេស លុចសំបួរ និងអេមីរ៉ាត់អារ៉ាប់រួម។
ឯកសារ កិច្ចព្រមព្រៀងនោះមាន១៨ទំព័រ និងមានចំណងជើងថា «គោលការណ៍សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការរុករកនិងប្រើប្រាស់លក្ខណៈស៉ីវិលនូវ ធនធាននៅលើឋានព្រះច័ន្ទ ភពអង្គារ ផ្កាយដុះកន្ទុយ និងអាចម៍ផ្កាយ ក្នុងគោលបំណងសន្តិភាព»។ កិច្ចព្រមព្រៀងខាងលើត្រូវបានធ្វើឡើងស្របតាមសន្ធិសញ្ញាអវកាស Outer Space Treaty ដែលរារាំងមិនឲ្យប្រទេសណាមួយគ្រប់គ្រងធនធាន នៅទីអវកាសផ្តាច់មុខបានឡើយ។
លោក Jim Bridenstine ប្រធានគ្រប់គ្រងទីភ្នាក់ងារ NASA បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារសប្តាហ៍នេះ យ៉ាងដូច្នេះថា «អ្វីដែលយើងកំពុងព្យាយាមធ្វើគឺដើម្បីបង្កើតនូវគោលការណ៍រួម ដើម្បីគ្រប់គ្រងសកម្មភាពរបស់ប្រទេសទាំងអស់នៅទីអវកាស»។ នៅក្នុងកិច្ចកិច្ចព្រមព្រៀងនេះបានគូសបញ្ជាក់ថា ប្រទេសហត្ថលេខីទាំងអស់យល់ព្រមចែករំលែករាល់ព័ត៌មានវិទ្យាសាស្ត្រ ដែលពួកគេទទួលបានពីការងាររបស់ពួកគេនៅលើឋានព្រះច័ន្ទ ដោយឈរលើមូលដ្ឋាននៃភាពស្មោះត្រង់ និងសន្យាថានឹងជួយសង្រ្គោះប្រទេសហត្ថលេខីផ្សេងទៀត ក្នុងករណីគ្រោះថ្នាក់ផ្សេងៗផងដែរ។ ទន្ទឹងគ្នានេះ បណ្តាប្រទេសហត្ថលេខីក៏បានសន្យាទៀតថា នឹងជូនដំណឹងដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) មុនពេលពួកគេចាប់ផ្តើមការខួងរុករកធនធានរ៉ែនៅលើឋានព្រះច័ន្ទ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ទេថា តើវានឹងត្រូវអនុវត្តយ៉ាងណានោះទេ។
បើតាម NASA ប្រទេសជាច្រើនទៀតនឹងចូលរួមនៅក្នុងកិច្ចព្រមព្រៀង Artemis នៅមុនដំណាច់ឆ្នាំ២០២០នេះ និងបានបង្ហើបប្រាប់ទៀតថា កិច្ចព្រមព្រៀងនេះមិនមែនជាកិច្ចព្រមព្រៀងអចិន្ត្រៃយ៍នោះឡើយ។ នៅជុំវិញបញ្ហាខាងលើ ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos លោក Dmitry Rogozin បានបង្ហាញពីកង្វល់ផ្ទាល់ខ្លួនរបស់លោក។ លោក Rogozin បានចាត់ទុកកិច្ចព្រមព្រៀង Artemis ថាមានលក្ខណៈផ្តោតលើអាមេរិកជាធំពេក។
គួររំលឹកថា លោក Rogozin ធ្លាប់បានបង្ហាញការយល់ឃើញលើគម្រោងនេះថាជា ការលុកលុយនៅលើឋានព្រះច័ន្ទ ព្រមទាំងបានសម្តែងការមិនពេញចិត្តម្តងហើយម្តងទៀត ចំពោះទង្វើរបស់ទីក្រុងវ៉ាស៊ីនតោនផងដែរដែលបានអូសទាញព្រះច័ន្ទមកពាក់ព័ន្ធនឹងរឿងនយោបាយ ខណៈវាមិនគួរស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសឬក្រុមប្រទេសណាមួយឡើយ។ លោកបានបន្ថែមទៀតថា រុស្ស៉ីនឹងមិនផ្តល់ជំនួយបច្ចេកទេសអវកាសរបស់ខ្លួនដល់គម្រោងដ៏ឥតប្រយោជន៍របស់សហរដ្ឋអាមេរិកនោះឡើយ។
គួរបញ្ជាក់ថា តាំងពីកម្មវិធីយានអវកាស Space Shuttle បានបញ្ចប់ទៅកាលពីជិត២ទសវត្សរ៍មុន សហរដ្ឋអាមេរិកពឹងផ្អែកលើរ៉ុក្កែតរបស់រុស្ស៉ី ដើម្បីដឹកជញ្ជូនអវកាសយានិកអាមេរិកឡើងទៅកាន់ទីអវកាស ដោយទើបតែមកដល់ថ្មីៗនេះប៉ុណ្ណោះ ដែល NASA បានសាកល្បងបញ្ជូនអវកាសយានិកឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ដោយប្រើយាននិងគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុនអាមេរិក SpaceX។
ចំណែកឯ ប្រទេសចិនវិញក៏មានសមត្ថភាពមិនធម្មតាដែរ។ ជាក់ស្តែងប្រទេសចិនបានបង្កការភ្ញាក់ផ្អើលដល់ពិភពលោកយ៉ាងខ្លាំង នៅពេលដែលយានអវកាសរបស់ខ្លួនឈ្មោះ Chang'e-4 បានចុះចតនៅលើផ្នែកងងឹតនៃឋានព្រះច័ន្ទ ដែលមិនធ្លាប់មានប្រទេសណាមួយធ្លាប់បានទៅ សូម្បីសហរដ្ឋអាមេរិក និងរុស្ស៉ី ដែលជាប្រទេសនាំមុខខាងវិស័យអវកាសក៏ដោយ៕