(នូវែលសេឡង់)៖ គណបក្សនូវែលសេឡង់ឆ្ពោះទៅមុខ (Advance New Zealand ឬ Adance NZ) បានអំពាវនាវឱ្យមានការស៊ើបអង្កេតមួយ អំពីការជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោតពីសំណាក់ បណ្ដាញសង្គមហ្វេសប៊ុក (Facebook) បន្ទាប់ពីក្រុមហ៊ុនអាមេរិកមួយនេះ បិទការផ្សព្វផ្សាយរបស់ទំព័រ (Page) របស់គណបក្សខ្លួន នៅរយៈពេលពីរថ្ងៃមុនការបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។
សហមេដឹកនាំនៃគណបក្ស Advance NZ លោក ប៊ីល្លី ថេ កាហ៊ីកា (Billy Te Kahika) បានលើកឡើងថា ការសម្រេចចិត្តបិទការផ្សព្វផ្សាយក្នុង Page នៃគណបក្សនយោបាយ នៅប្រទេសនូវែលសេឡង់ (New Zealand) ដោយ Facebook ដែលបានកើតឡើងរយៈពេលពីរថ្ងៃមុនការបោះឆ្នោត គឺជាទង្វើជ្រៀតជ្រែកក្នុងការបោះឆ្នោត។
លោក Billy Te Kahika បានបញ្ជាក់បន្ថែមដូច្នេះថា «ពេលនោះគណបក្សរបស់យើង បានធ្វើការសាកសួរអំពីវិធីសាស្រ្តរបស់រដ្ឋាភិបាលនូវែលសេឡង់ ចំពោះការដោះស្រាយ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19 ដើម្បីចែករំលែកទស្សនៈ និងយោបល់ទាំងនោះ ទៅកាន់អ្នកវិទ្យាសាស្ត្រអន្តរជាតិ ក៏ដូចជាការក្រោកឈរឡើង ដើម្បីផ្ដល់ផលកិត្តិយសដល់ប្រទេសនូវែលសេឡង់ផងដែរ។ ប៉ុន្តែរយៈពេល ៣០នាទី មុនពេលត្រូវបានគេបិទចោលនូវវេទិកានេះ ខ្ញុំបានទទួលសារពីអ្នកកាសែតនូវែលសេឡង់ម្នាក់ថា វេទិការបស់យើងត្រូវបានគេបិទចោលហើយ»។
ជុំវិញបញ្ហាខាងលើនេះ លោក Billy Te Kahika បានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងថា «នេះជាឧទាហរណ៍មិនល្អមួយនៃការជ្រៀតជ្រែក ទៅក្នុងដំណើរការបោះឆ្នោត ដោយបណ្តាញសង្គមអាមេរិក ហើយក៏មិនធ្លាប់មានអាជីវកម្មណាមួយ បានធ្វើសកម្មភាពបែបនេះនៅក្នុងប្រទេស ដែលមានអធិបតេយ្យភាពរបស់យើងឡើយ វាសឹងតែមិនគួរឱ្យជឿទាល់តែសោះសម្រាប់ខ្ញុំ»។
គួរបញ្ជាក់ថា បើតាមលោក Billy Te Kahika ការស៊ើបអង្កេតពេញលេញអំពីការជ្រៀតជ្រែក ក្នុងការបោះឆ្នោតរបស់បណ្ដាញសង្គមហ្វេសប៊ុកនេះ ត្រូវតែធ្វើឡើង ហើយប្រសិនបើបណ្ដាញសង្គមហ្វេសប៊ុក ចង់បានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម របស់ប្រជាជននូវែលសេឡង់ គឺត្រូវតែទទួលស្គាល់ការនិយាយដោយសេរី នៅក្នុងប្រទេសរបស់យើង៕