(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានប្រកាសថា រដ្ឋាភិបាលរបស់លោកមានថវិកា ដើម្បីជាវវ៉ាក់សាំងប្រឆាំង COVID-19 ប៉ុន្តែលោកមានគំនិតមួយទៀតចង់ជម្រុញបន្ថែម នោះគឺការចាក់វ៉ាក់សាំងត្រូវធ្វើឡើង ចំពោះប្រជនជនហ្វីលីពីនគ្រប់រូប ដែលមានចំនួនសរុបរហូតដល់ ១១៣លាននាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលហ្វីលីពីន បានគូសបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា លោក ឌូតឺតេ ចង់ឲ្យប្រជាជនទាំងអស់ ១១៣លាននាក់ទទួលបានការចាក់វ៉ាក់សាំងទប់ទល់ជំងឺ COVID-19 ហើយអទិភាពគឺគួរតែត្រូវផ្តល់ជូនប្រជាជនក្រីក្រ។ លោក ឌូតឺតេ បានថ្លែងកាលពីយប់ថ្ងៃពុធថា «គ្រប់គ្នាគួរតែទទួលបានវ៉ាក់សាំង ដោយគ្មាននរណាម្នាក់ត្រូវមើលរំលងនោះឡើយ។ សម្រាប់ខ្ញុំ ទាំងវ៉ាក់សាំងមកពីចិន ឬរុស្ស៊ី គឺសុទ្ធតែគ្មានបញ្ហានោះឡើយ»។
គួរបញ្ជាក់ថា ក្រៅពីទទួលបានអទិភាពនៅក្នុងការទទួលបានវ៉ាក់សាំង COVID-19 ពីប្រទេសចិន និងរុស្ស៊ីក្នុងករណីប្រទេសមហាយក្សទាំងពីរ ផលិតបានសម្រេចនោះ ប្រទេសហ្វីលីពីនក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុនអាមេរិកពីរទៀត ដើម្បីទិញវ៉ាក់សាំងផងដែរ មានដូចជាក្រុមហ៊ុន ភីហ្វីសឺ (Pfizer) និង ម៉ូឌែណា (Moderna) ដែលសុទ្ធសឹងតែជាក្រុមហ៊ុនចម្បងៗលើលោក កំពុងស្ថិតនៅក្នុងការធ្វើតេស្តវ៉ាក់សាំងប្រឆាំងកូរ៉ូណា នៅក្នុងដំណាក់កាលទី ៣ ជាជំហានចុងក្រោយ។ បច្ចុប្បន្នហ្វីលីពីនមានចំនួនករណីឆ្លង COVID-19 ស្ថិតនៅលំដាប់លេខ ១ ប្រចាំតំបន់អាស៊ានគឺជាង ៣៤៦,០០០ករណី ក្នុងនោះអ្នកជំងឺសរុប ៦,៤៤៩នាក់បាត់បង់ជីវិត និងជាង ២៩៣,០០០នាក់ជាសះស្បើយឡើងវិញ៕