(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានថ្លែងក្នុងន័យបន្ថយហានិភ័យ ដែលអាចបង្កឡើងដោយមីស៊ីលផ្លោងអន្តរទ្វីប (ICBM) របស់កូរ៉េខាងជើង ដោយផ្ទាល់អះអាងថា ហានិភ័យទាំងនេះត្រូវបានកាត់បន្ថយ ដោយជោគជ័យរួចទៅហើយ ក្រោមកិច្ចព្រមព្រៀងជាមួយទីក្រុងព្យុងយ៉ាង ដែលសម្រេចបានដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។
កូរ៉េខាងជើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ ក្នុងទីក្រុងព្យុងយ៉ាង ដើម្បីរំលឹកខួបឆ្នាំទី ៧៥ នៃការបង្កើតគណបក្សពលកររបស់ខ្លួន ក្រោមការចូលរួមដោយផ្ទាល់ពីលោក គីម ជុងអ៊ុន។ ក្នុងឱកាសនោះ ពិភពលោកទាំងមូលបានមើលឃើញ ការបង្ហាញមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយ ដែលក្រុមអ្នកជំនាញជឿជាក់ថា មានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា លោក ប៉ុមប៉េអូ បានសង្កត់ធ្ងន់ថា ទាល់តែធ្វើតេស្ដសិនទើបដឹងមីស៊ីលមួយអាច មានសមត្ថភាពប៉ុណ្ណា ខណៈបច្ចុប្បន្នកូរ៉េខាងជើងមិនបានធ្វើតេស្ដ គ្រាប់មីស៊ីលផ្លោងអន្តរទ្វីបឡើយ ព្រោះតែកិច្ចព្រមព្រៀងរវាងលោក គីម និងលោក ត្រាំ បានហាមឃាត់រឿងនេះ។ លោក ប៉ុមប៉េ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះយ៉ាងដូច្នេះថា «កូរ៉េខាងជើងកាលពីឆ្នាំ២០១៩ មិនបានធ្វើតេស្ដមីស៊ីលផ្លោងអន្តរទ្វីបនោះទេ... ដែលនេះមានន័យថា ហានិភ័យសម្រាប់សហរដ្ឋអាមេរិក ត្រូវបានកាត់បន្ថយរួចទៅហើយ ក្រោមកិច្ចព្រមព្រៀងរវាងលោក គីម ជុងអ៊ុន និងលោកប្រធានាធិបតី ត្រាំ»។
គួរជម្រាបថា កូរ៉េខាងជើងមិនបានធ្វើតេស្ដមីស៊ីលផ្លោងអន្តរទ្វីប ឬអាវុធនុយក្លេអ៊ែរទៀតឡើយ ចាប់តាំងពីលោក គីម ជុងអ៊ុន ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមជាមួយលោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលលើកដំបូងកាលពីខែមិថុនា ឆ្នាំ២០១៨ ក្នុងប្រទេសសិង្ហបុរី។ តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញយល់ថា មីស៊ីលផ្លោងអន្តរទ្វីបស៊េរីថ្មីដែលកូរ៉េខាងជើង បានបញ្ចេញកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន អាចនឹងមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងបាញ់ដល់សហរដ្ឋអាមេរិក ក្នុងករណីធ្វើតេស្ដបានជោគជ័យ៕