(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន បានប្រកាសនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយនៅថ្ងៃពុធ ទី១៤ តុលា ឆ្នាំ២០២០នេះថា ប្រទេសរុស្ស៊ីបានអនុម័តជាផ្លូវការ ចំពោះវ៉ាក់សាំង COVID-19 ទី២ របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកពូទីន បានអបអរសាទរចំពោះអ្នកវិទ្យាសាស្ត្រ ដែលបានអនុម័តលើវ៉ាក់សាំងថ្មី ដែលត្រូវបានអភិវឌ្ឍឡើង ដោយវិទ្យាស្ថានស៊ីបេរីវ៉ិចទ័រ(Siberia’s Vector Institute) និងដែលបានបញ្ចប់ការសាកល្បងលើមនុស្សនៅដំណាក់កាលដំបូង កាលពីខែមុន។
ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាតិ លោកពូទីន បានលើកឡើងយ៉ាងដូច្នេះថា«យើងត្រូវបង្កើនការផលិតវ៉ាក់សាំងទីមួយនិងទីពីរ...យើងកំពុងបន្តសហការជាមួយដៃគូបរទេសរបស់យើង ហើយយើងនឹងផ្សព្វផ្សាយវ៉ាក់សាំងទាំងនេះទៅកាន់បរទេស»។
គួរជម្រាបថា កាលពីខែសីហាកន្លងទៅ រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានអនុញ្ញាតឲ្យប្រើប្រាស់ និងចុះបញ្ជីទទួលស្គាល់ជាផ្លូវការវ៉ាក់សាំង COVID-19 បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដលើមនុស្សមិនទាន់គ្រប់២ខែ ស្រួលបួលផង។ ប្រការនេះ បានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រ បាននាំគ្នាសម្ដែងការព្រួយបារម្ភនិងចោទសួរសំនួរជាច្រើន ជុំវិញប្រសិទ្ធភាពនិងសុវត្ថិភាពរបស់វា។
ចាប់តាំងពីការចាប់ផ្តើមផ្ទុះឡើង នៃជំងឺរាតត្បាត COVID-19 មក ប្រទេសរុស្ស៊ីបានកត់ត្រាអ្នកឆ្លងសរុបជាង ១.៣លានករណី ដែលជាចំនួនច្រើនបំផុតទីបួន ក្នុងចំណោមប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបំផុត នៅលើពិភពលោក ដោយតាមពីក្រោយសហរដ្ឋអាមេរិកឥណ្ឌា និងប្រេស៊ីល៕