(គូឡាឡាពួរ)៖ ព្រះបរមរាជវាំងម៉ាឡេស៊ី បានសម្រេចចិត្តលើកពេលជំនួបរវាងព្រះមហាក្សត្រ និងថ្នាក់ដឹកបក្សប្រឆាំងដែលជាសម្ព័ន្ធមិត្តរបស់លោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) រយៈពេល២សប្ដាហ៍ ដោយសារតែវិធានការរឹតត្បិតប្រឆាំង COVID-19 ខណៈការប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីកាន់តែមានសភាព ពុះកញ្រ្ជោល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធនេះ ថ្នាក់ដឹកនាំគណបក្សសកម្មភាពប្រជាធិបតេយ្យ (DAP) និងគណបក្សអាម៉ាណាស់ (Amanah) ដែលជាគណបក្ស ប្រឆាំងនៅក្នុងប្រទេសម៉ាឡេស៊ី បានឱ្យដឹងថាដំបូងឡើយពួកគេ ត្រូវបានកោះអញ្ជើញឱ្យចូលគាល់ព្រះមហាក្សត្រព្រះចៅ Al-Sultan Abdullah។ ប៉ុន្តែ ខាងព្រះបរមរាជ វាំង បានជូនដំណឹងថាជំនួបជាមួយព្រះមហាក្សត្រ ត្រូវលើកពេល ហើយកាលបរិច្ឆេទថ្មីនៃជំនួបដាច់ដោយឡែកនេះ នឹងត្រូវសម្រេចចិត្តនៅពេលក្រោយ។
គួរបញ្ជាក់ថា ការប្រកាសលើកពេលជំនួបខាងលើ កើតមានឡើងបន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំង លោក អាន់វ៉ា អ៉ីប្រាហ៊ីម បានអះអាងប្រាប់អ្នកសារព័ត៌មានថា លោក ទទួលបានសំឡេងគ្រប់គ្រាន់ពីសមាជិកសភាច្រើនជាង១២០រូប ក្នុងចំណោមសមាជិកសភា២២២រូប ដើម្បីបង្កើតរដ្ឋាភិបាលថ្មី និងទម្លាក់លោក Muhyiddin Yassin ពីតំណែងជានាយករដ្ឋមន្ត្រី។ ក៏ប៉ុន្តែ ខាងព្រះបរមរាជវាំង បានបញ្ជាក់ថាលោក អាន់វ៉ា ពិតជាបានដាក់ជូនចំនួនសមាជិកសភាដែលគាំទ្ររូបលោកពិតមែន តែមិនបាន ឱ្យដឹងពីអត្តសញ្ញាណអ្នកគាំទ្រទំាងនោះឡើយ៕