(ផ្ល័ររីដា)៖ បេក្ខជនប្រធានាធិបតីអាមេរិក តំណាងឱ្យគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បានរិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្ងន់ៗជុំវិញការដោះស្រាយ វិបត្តិ COVID-19 ដោយចោទថាលោក ត្រាំ មិនចាត់ទុកក្រុមមនុស្សវ័យចំណាស់នៅក្នុងកែវភ្នែក ដែលនេះជាមូលហេតុបណ្ដាលឱ្យអ្នកស្លាប់ភាគច្រើនជាមនុស្សចាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។
លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះ កំឡុងពិធីជួបជុំមួយធ្វើឡើងក្រោមការអនុវត្តវិធានការគម្លាតសុវត្ថិភាព ជាមួយក្រុមមនុស្សវ័យចំណាស់ នៅឯទីក្រុង Pembroke Pines នៃរដ្ឋផ្ល័ររីដា នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា៖ «នៅក្នុងកែវភ្នែកលោក ត្រាំ អ្នកទាំងអស់គ្នាជាមនុស្សគ្មានតម្លៃ, ងាយនឹងបំភ្លេច ...ហើយមនុស្សចាស់ដែលលោក ដូណាល់ ត្រាំ ខ្វល់បំផុតគឺគាត់ខ្លួនឯង»។
លោក បៃដិន បន្ថែមទៀតថា៖ «ខណៈអ្នកទាំងអស់គ្នា កំពុងបាត់បង់ពេលវេលាដ៏មានតម្លៃជាមួយមនុស្សជាទីស្រឡាញ់ គាត់ (លោក ត្រាំ) បែរជាកំពុងស្ថិតនៅ ទីលានវាយកូនហ្គោល ហើយនៅពេលគាត់សម្រេចចិត្តធ្វើសកម្មភាព គាត់មិនអាចជួយអ្នកបានឡើយ»។
គួរជម្រាបថា ផ្ល័ររីដា គឺជារដ្ឋដ៏សំខាន់មួយក្នុងចំណោមរដ្ឋដែលគេហៅ battleground state ដែលជាបណ្ដារដ្ឋត្រូវបានគេជឿជាក់ថា អាចកំណត់ថាតើរវាងលោក ដូណាល់ ត្រាំ ឬលោក ចូ បៃដិន នរណានឹងក្លាយជាប្រធានាធិបតី ក្នុងការបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុនេះ៕