(កាប៊ុល)៖ យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុដ៏កម្រមានមួយ នោះគឺឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសអាហ្វហ្គានីស្ថាន ០២គ្រឿងបានបុកគ្នានៅលើអាកាស ស្ថិតនៅក្នុងស្រុកណាវ៉ា (Nawa) ខេត្តហេលមិនដ៍ (Helmand) ភាគខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។
ឧប្បត្តិហេតុខាងលើនេះបានកើតឡើង នៅកណ្ដាលអធ្រាត្រនាថ្ងៃអង្គារសប្ដាហ៍នេះ នៅក្នុងស្រុក Nawa ភាគនិរតីនៃទីក្រុង ឡាសខា ហ្គាស៍ (Lashkar Gah) ដែលជាទីក្រុងបានកើតមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីក្រុមតាលីបង់រាប់រយនាក់ ដែលមកពីខេត្តជិតខាងចំនួនពីរ បានចូលរួមជាមួយពួកសកម្មប្រយុទ្ធក្នុងតំបន់ និងបានព្យាយាមដណ្ដើមយកទីក្រុង Lashkar Gah នេះ។
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅនេះ ឧទ្ធម្ភាគចក្រប្រយុទ្ធរបស់ កងទ័ពអាកាសអាហ្វហ្គានីស្ថាន មួយគ្រឿងបានធ្លាក់ដោយសារតែបញ្ហាផ្នែកបច្ចេកទេស នៅក្នុងខេត្ត បាកឡាន (Baghlan) ភាគខាងជើងប្រទេស និងបានផ្ដាច់ជីវិតអ្នកបើកឧទ្ធម្ភាគចក្រនេះចំនួន ០២នាក់៕