(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាត់ទុកលោក គីម ជុងអ៊ុន គឺជា «មេដឹកនាំដ៏ឆ្លាតម្នាក់» ក្នុងចំណោមមេដឹកនាំពិភពលោកមួយចំនួនទៀត បើទោះជាទីក្រុងព្យុងយ៉ាង ទើបតែបញ្ចេញមីស៊ីលអន្តរទ្វីប ICBM ស៊េរីថ្មីមួយ ដែលត្រូវបានគេជឿជាក់មានសមត្ថភាពបាញ់ដល់ សហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ដូចខាងលើ កំឡុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងរដ្ឋធានីផ្លរីដាកាលពីដើមសប្ដាហ៍នេះ ជាលើកដំបូងចាប់តាំងពីលោកជាសះស្បើយពី COVID-19។ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រឿងមួយដែលខ្ញុំដឹងយ៉ាងច្បាស់ នោះគឺលោកប្រធានាធិបតីចិន ស៊ី ជិនពីង និងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ហើយអ្នកទាំងអស់គ្នាសាកសង្កេតលោក គីម ជុងអ៊ុន វិញ... ១០០ភាគរយគឺពួកគាត់ពិតជាឆ្លាត»។
លោក ត្រាំ បានបញ្ជាក់បន្ថែមក្នុងន័យផ្លែផ្កាឲ្យគូប្រជែងរបស់ខ្លួនគឺលោក ចូ បៃដិន ទៀតថា «យើងមានមនុស្សម្នាក់ដែលកំពុងប្រកួតប្រជែងក្នុងការបោះឆ្នោត ដែល១០០ភាគរយ គឺមិនឆ្លាតសោះតែម្តង»។ ការលើកឡើងដូចខាងលើពីសំណាក់លោក ដូណាល់ ត្រាំ បានកើតមានឡើង បន្ទាប់ពីកូរ៉េខាងជើងរៀបចំក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ កាលពីថៃ្ងសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដោយបានបញ្ចេញអាវុធទំនើបថ្មីៗជាច្រើន ក្នុងនោះរួមមានទាំងមីស៊ីលអន្តរទ្វីប ICBM ស៊េរីថ្មីមួយទៀត ដែលអ្នកជំនាញជាច្រើនជឿជាក់ថា មានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក៕