(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (World Bank) បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនបានអនុម័តនូវកញ្ចប់ថវិកាថ្មី «១២ពាន់លានដុល្លារអាមេរិក» ដើម្បីជួយដល់ប្រទេសដែលកំពុងអភិវឌ្ឍន៍ក្នុងការបញ្ជាទិញ និងចែកចាយវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។
ធនាគារពិភពលោកបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កញ្ចប់ថវិកានេះ អាចជួយផ្តល់ជាសញ្ញាដល់ផ្នែកឧស្សាហកម្មស្រាវជ្រាវ និងផលិតឱសថថា ពលរដ្ឋនៅក្នុងបណ្ដាប្រទេសដែលកំពុងអភិវឌ្ឍន៍ ក៏ត្រូវការការទទួលបានវ៉ាក់សាំង COVID-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ហើយវាក៏រួមបញ្ចូលទាំងការផ្គត់ផ្គង់ផ្នែកបច្ចេកទេសផងដែរ ដូច្នេះបណ្តាប្រទេសដែលកំពុងអភិវឌ្ឍទាំងនោះអាចត្រៀមខ្លួន សម្រាប់ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយ ក្រោមការសម្របសម្រួលជាមួយដៃគូអន្តរជាតិ»។
ជាមួយគ្នានេះដែរ ទេសាភិបាលធនាគារពិភពលោក លោក ដេវីដ ម៉ាល់ប៉ាស់ (David Malpass) បានគូសបញ្ជាក់បន្ថែមថា «ការទទួលបាននូវវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ក៏ដូចជាការពង្រឹងប្រព័ន្ធចែកចាយ គឺជាគន្លឹះមួយក្នុងការផ្លាស់ប្តូរដំណើរឆ្លងរាលត្បាតនៃជំងឺ COVID-19 នេះ ក៏ដូចជាការជួយដល់បណ្ដាប្រទេស ដែលកំពុងជួបប្រទះផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសារពើពន្ធផងដែរ»។
គួរជម្រាបថា ការអនុម័តលើកញ្ចប់ថវិកានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក Malpass បានប្រកាសពីគម្រោងនេះកាលពីចុងខែកញ្ញាមកម្ល៉េះ ខណៈវ៉ាក់សាំង COVID-19 មិនទាន់បានបង្ហាញខ្លួននៅលើទីផ្សារនៅឡើយទេ ប៉ុន្តែលោក Malpass បានសង្គត់យ៉ាងធ្ងន់នៅក្នុងបទសម្ភាសន៍ ជាមួយកាសែតប្រចាំថ្ងៃបារាំង ឡឺ ហ្វីហ្គារ៉ូ (Le Figaro) ថា «វាចាំបាច់ដែលត្រូវត្រៀមខ្លួនទុកជាមុន ដោយសារតែដំណើរការនៃការចែកចាយវ៉ាក់សាំងនេះ គឺពិតជារឿងដែលគួរឱ្យស្មុគស្មាញណាស់»៕