(គូឡាឡាំពួរ)៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ហ៊ីសហាំមូដទីន ហ៊ូសសេន (Hishammuddin Hussein) បានប្រកាសថា ចិនបានយល់ព្រមបញ្ចូលម៉ាឡេស៊ី ទៅក្នុងបញ្ជីឈ្មោះនៃប្រទេស អទិភាព ដែលនឹងទទួលបានវ៉ាក់សាំង COVID-19 នៅពេលចិនផលិតបានជោគជ័យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០។
លោក Hussein ធ្វើការប្រកាសខាងលើ កំឡុងការធ្វើសនិ្នសីទសារព័ត៌មានរួមគ្នានៅថ្ងៃអង្គារនេះ ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្រោមក្របខ័ណ្ឌនៃការបំពេញទស្សនកិច្ចមួយជុំ នៅតំបន់អាស៊ីអាគ្នេយ៍។ ស្ថិតក្នុងឱកាសនោះ លោក Hussein បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងស្វាគមន៍ និងពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់ចិន ក្នុងការផ្ដល់ឱ្យម៉ាឡេស៊ីនូវវ៉ាក់សាំង COVID-19 ផលិតឡើងដោយចិន នៅពេលផលិតបានជោគជ័យ ជាមួយការបញ្ចូលម៉ាឡេស៊ីទៅក្នុងបញ្ជីឈ្មោះ ប្រទេសដែលមានអទិភាព»។
គួរជម្រាបថា បើតាមលោក Hishammuddin Hussein វ៉ាក់សាំង COVID-19 របស់ចិន អាចនឹងផលិតរួចរាល់សម្រាប់ការប្រើប្រាស់ជាសាធារណៈ នៅខែវិច្ឆិកាខាងមុខនេះ៕